(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសថាខ្លួននឹងចំណាយប្រាក់ ១ពាន់លានដុល្លារអាមេរិក សម្រាប់ផ្ដល់ឱ្យអ្នកបង្កើតមាតិកា វីដេអូផ្សេងនៅជុំវិញពិភពលោក ឱ្យចូលរួមនៅក្នុងការប្រកួតប្រជែងបង្កើតមាតិកាដែលល្អ និងទាក់ទាញ ហើយការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធី TikTok មានការទាញយករហូតដល់ជាង ៣ពាន់លានដងនៅជុំវិញពិភពលោក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ទឹកប្រាក់នេះនឹងត្រូវផ្ដល់ជូនទៅលើ creators ដែលបានបង្កើតនូវ មាតិកាវីដេអូដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ដោយក្នុងនោះសម្រាប់ creators នៅលើ Instagram ក៏នឹង មានឱកាសទទួលប្រាក់រង្វាន់នេះផងដែរ។
ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់ Facebook នេះគឺធ្វើឡើងចង់ទាក់ទាញ creators ផ្សេងៗនៅជុំវិញពិភពលោក ឱ្យងាក មកបង្កើតមាតិកាព័ត៌មានផ្សេងៗសម្រាប់បណ្ដាញសង្គមរបស់ខ្លួនផងដែរ ខណ: YouTube បានប្រកាសជះលុយខ្ទង់ពាន់លានដុល្លារ ដើម្បីផ្ដល់ប្រាក់ដល់អ្នកបង្កើតវីដេអូខ្លីៗដូចគ្នា និងស្របពេលដែល TikTok កំពុងតែជោគជ័យលើវិថីវីដេអូខ្លីៗ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook នឹងផ្ដល់ប្រាក់ ១ពាន់លានដុល្លារអាមេរិកនេះ ជារង្វាន់ដល់ creators ទាំងឡាយណា ដែល ត្រូវបាន Facebook ជ្រើសរើសឱ្យចូលរួមក្នុងការប្រកួតប្រជែងប៉ុណ្ណោះ ដោយក្នុងនោះផ្ដោតសំខាន់លើមាតិកាធំៗចំនួនពីរគឺវីដេអូ ព័ត៌មានទូទៅ តែផ្ដល់នូវអត្ថប្រយោជន៍ និងចំណេះ និងមួយទៀតគឺសម្រាប់អ្នក Live ហ្គេម៕