(កូរ៉េ)៖ លោក Bang Si-hyuk ដែលជាស្ថាបនិកផលិតកម្ម Big Hit និង HYBE នោះ ត្រូវបានរាយការណ៍មកថា កំពុងក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការងារក្នុងវិស័យ K-POP របស់លោកមានការរីកចម្រើនខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសសិល្បករក្នុងផលិតកម្មរបស់លោក ដូចជាក្រុម BTS ជាដើមនោះ កំពុងតែល្បីសុះសាយខ្លាំងពាសពេញពិភពលោក។
បើយោងតាមរបាយការណ៍ពី Bloomberg Billionaires បានឲ្យដឹងថា បច្ចុប្បន្ននេះទ្រព្យសម្បត្តិសរុបរបស់ លោក Bang Si-hyuk គឺមានចំនួន ៣.២ពាន់លានដុល្លារអាមេរិក ខណៈការកើនឡើងទ្រព្យរបស់លោកនៅពេលនេះ បន្ទាប់ពីផលិតកម្ម Big Hit បានបើកលក់ IPO របស់ខ្លួន និងចុះបញ្ជីលើ KOSPI របស់ផ្សារហ៊ុនកូរ៉េ។ ប្រការនេះ បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនលោក បានកើតឡើងរហូតដល់ ១៣១ភាគរយ ក្នុងរយៈពេល៩ខែមកនេះ។ បើនិយាយទៅ នៅអំឡុងពេលដាក់លក់ IPO ដំបូងទ្រព្យសម្បតិ្តរបស់លោកមានត្រឹម ១.៥ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្នឡើងដល់ ៣.២ពាន់លានដុល្លារអាមេរិក។
គួរជម្រាបថា ប្រជាប្រិយភាពរបស់ក្រុមល្បី BTS មិនត្រឹមតែធ្វើឲ្យមុខមាត់របស់សមាជិកទាំង៧នាក់ ក្នុងក្រុមចម្រៀងមួយនេះល្បីល្បាញ និងជួយលើកស្ទួយវប្បធម៌កូរ៉េលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យម្ចាស់ផលិតកម្មរបស់ពួកគេ ក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ និងមានការកើនឡើងទ្រព្យសម្បត្តិយ៉ាងរហ័សផងដែរ៕