• លោកស្រី ឱ វណ្ណឌីន៖ មកដល់ពេលនេះអង្គការសុខភាពពិភពលោក មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងឆ្លាស់គ្នានៅឡើយទេ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា គិតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនទាន់បានបញ្ជាក់ឱ្យប្រើប្រាស់វ៉ាក់សាំងឆ្លាស់គ្នានៅឡើយទេ ថែមទាំងបានចេញផ្សាយហាម មិនឱ្យប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងលាយច្របល់គ្នានេះដែរ។

    លោស្រី ឱ វណ្ណឌីន បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសនាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាន ដែលបានទៅលើលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ ការប្រគល់ថវិកាឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៥លាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងទទួលការឧបត្ថម្ភនូវទឹកប្រាក់ ១០លានរៀល និងសម្ភារមួយចំនួនទៀតពីសម្តេច។

    ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងឆ្លាស់គ្នានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «មុននឹងធ្វើការសម្រេចចិត្ត យើងត្រូវមានការសិក្សាតាមបែបវិទ្យាសាស្ត្រ មានភស្តុតាងដែលបានមកពីការសិក្សា ដែលការសិក្សាទាមទាពេលវេលាយូរ ហើយកន្លងមកនេះ ការសិក្សាបែបនេះ គឺមានតិចណាស់ ក្នុងកម្រិតចំនួនអ្នកចូលរួមតិចមែនទែន អញ្ចឹងវាមិនអាចយកមកប្រើប្រាស់បាននៅឡើយទេ ដូច្នេះហើយបានជា អង្កការ សុខភាពពិភពលោក មកដល់បច្ចុប្បន្ននេះគេមិនទាន់ផ្តល់អនុសាសន៍ ក្នុងការប្រើប្រាស់បែបនោះនៅឡើយទេ»។

    លោស្រី ឱ វណ្ណឌីន បានបន្ថែមថា ថ្មីៗនេះអង្គការសុខភាពពិភពលោក បានចេញផ្សាយហាមប្រាមមិនឱ្យប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងលាយច្របល់គ្នានោះទេ។ លោកស្រីថា បើតាមការយល់ឃើញ មានវ៉ាក់សាំងមួយចំនួនផលិតមក ប្រហាក់ប្រហែលគ្នា ហើយក៏មានខ្លះគឺផលិតមកមានភាពខុសគ្នា ដោយវ៉ាក់សាំងខ្លះ ជាប្រភេទបុរាណ ដោយវ៉ាកសាំងខ្លះជាប្រភេទថ្មី ដោយវ៉ាក់សាំងខ្លះគេយក DNA ឫ RNA របស់វីរុស ឬផ្នែកណាមួយរបស់វីរុស ដើម្បីយកមកបន្ស៉ាំផលិត ឱ្យចេញជាវ៉ាស់សាំង ដូចនេះវាមានភាពខុសគ្នា ហើយបើវាខុសគ្នា រួចយកមកបញ្ជូលគ្នា វានឹងអាចមានប្រតិកម្ម ហើយប្រតិកម្មនោះវាអាចមានជាផលល្អ ហើយក៏អាចមានជាផលអាក្រក់ដូចគ្នាដែរ។

    លោកស្រី បានបន្តថា មានប្រទេសមួយចំនួនបានប្រកាសប្រើប្រាស់វ៉ាក់សាំងលាយបញ្ជូលគ្នាដូចនេះ ដែលនេះជាការសម្រេចចិត្តរបស់គេ ឬគេក៏អាចស្ថិតនៅ ក្នុងសាកល្បងមើលដែរ ពីព្រោះមកដល់ពេលនេះមិនទាន់មានអ្វីមកបង្ហាញឱ្យច្បាស់នៅឡើយទេ ហើយប្រទេសនីមួយៗក៏កំពុងតែព្រួយបារម្មណ៍ខ្លាំង ទៅលើការ វាយលុកនូវវីរុសបំប្លែងថ្មីៗនេះ ដូចនេះហើយប្រទេសនីមួយៗក៏ចេះតែរិះរកនូវវិធាន ដើម្បីជួយទប់ស្កាត់នូវការចំលង និងការស្លាប់របស់ប្រជាពលរដ្ឋ ដែលជាការ ប៉ះពាល់ធំ ដល់កត្តាសេដ្ឋកិច្ចជាតិ។

    លោកស្រីបានបន្ថែមថា ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ គឺវាមានភាពចាំបាច់ណាស់ ដូចនេះហើយគឺយើងមិនត្រូវមានភាពជ្រួលច្របល់ ប្រទេសគេជារឿងរបស់គេ គេមានអ្នកវិទ្យា គេធ្វើគេមានអ្នកតាមដានបើវាការវិវឌ្ឍន៍យ៉ាងណា គេនឹងដោះស្រាយតាមរបៀបគេ។ ដោយឡែកសម្រាប់កម្ពុជា គឺធ្វើតាមរបៀបខ្លួនឯង ដោយសារតែយើងមាន វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានស្វែងរកដើម្បីចាក់ជូនពលរដ្ឋឱ្យបានគ្រប់គ្រាន់។

    សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,១០៤,៨៤៦នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៥១.០៥%៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ