ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ បានការពារនូវគម្រោងនៃការលាយវ៉ាក់សាំង កូវីដ-១៩ ចំនួនពីរប្រភេទផ្សេងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកាន់តែខ្លាំងឡើង បើទោះបីជាអ្នកវិទ្យាសាស្ត្រកំពូលរបស់អង្គការសុខភាពពិភពលោកបានព្រមានថា សកម្មភាពនេះ មានគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយ។
អាជ្ញាធរថៃ បាននិយាយថាពួកគេនឹងលាយបញ្ចូលគ្នានូវវ៉ាក់សាំង Sinovac ចាក់ជាដូសទី១ ចំណែកវ៉ាក់សាំង AstraZeneca ចាក់ជាដូសទី២ ដើម្បីព្យាយាមទទួលបានប្រសិទ្ធភាពកាន់តែខ្លាំងបន្ថែមទៀត ប្រឆាំងនឹងវីរុសកូវីដពូជ ឌែលតា។
ការផ្ទុះឆ្លងចុងក្រោយនៅក្នុងប្រទេសថៃមានសភាពធ្ងន់ធ្ងរ ធ្វើឱ្យរដ្ឋាភិបាលប្រទេសនេះសម្រេចបិទទីក្រុងបាងកក និងតំបន់មួយចំនួនទៀត។ ចំនួនអ្នកស្លាប់កើនឡើងឥតឈប់ឈរ ហើយប្រព័ន្ធសុខាភិបាល អាចប្រឈមនឹងហានិភ័យ ក្នុងករណីចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងដូចរាល់ថ្ងៃនេះ៕