• តារាល្បីៗ The Weeknd, BTS និង Billie Eilish រួមគ្នាបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ ខ្ទង់ពាន់លានដុល្លារ ក្នុងរយៈពេល២៤ម៉ោង ដើម្បីសង្គ្រោះភពផែនដី

    (អាមេរិក)៖ តារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើន បានចូលរួមក្នុងយុទ្ធនាការមួយរបស់អង្គការ «Global Citizen» តាមរយៈការ Live វីដេអូ រយៈពេល២៤ម៉ោង ក្នុងគោលបំណងរៃអង្គាសប្រាក់ ឲ្យបានខ្ទង់ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅសង្គ្រោះបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងប្រឈម ដូចជាបញ្ហាកូវីដ-១៩, បញ្ហាបម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រជាដើម។

    បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា តារាចម្រៀងល្បីៗដែលនឹងចូលរួម ក្នុងការរៃអង្គាសប្រាក់នេះរួមមាន តារាចម្រៀង The Weeknd, ក្រុមចម្រៀង K-POP បុរស BTS, តារាចម្រៀង Billie Eilish និងតារាល្បីៗជាច្រើនរួមទៀត ខណៈកម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) តាមរយៈការ Live វីដេអូរយៈពេល២៤ម៉ោង។

    ស្ថាបនិកអង្គការ «Global Citizen» លោក Hugh Evans បាននិយាយថា «ខណៈកំពូលមហាសេដ្ឋីមួយចំនួន កំពុងតែផ្តោតលើវិស័យអវកាស, ពួកយើងត្រូវតែដាស់តឿនមនុស្សគ្រប់រូបថា យើងពិតជាទទួលបានភពផែនដីតែមួយរួមគ្នា ហើយពួកយើងត្រូវតែប្រាកដថា យើងយកចិត្តទុកដាក់ជាមួយភពផែនដី និងមនុស្សដែលរស់នៅក្នុងភពផែនដី…»។

    គួរជម្រាបថា យុទ្ធនាការដែលមានការចូលរួមពីសំណាក់តារាល្បីៗ ដែលធ្វើឡើងជាលក្ខណៈអន្តរជាតិនេះ ត្រូវបានគេរំពឹងថា នឹងរៃប្រាក់បានចំនួន៦ពាន់លានដុល្លារអាមេរិក ខណៈទឹកប្រាក់ដែលទទួលបាននឹងជាផ្នែកមួយ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅកាន់ប្រទេសក្រីក្រ និងយកទៅដាំដើមឈើរាប់ពាន់លានដើម ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ លើភពផែនដី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ