• មន្ត្រីសុខាភិបាលអាមេរិក៖ «អ្នកចាក់វ៉ាក់សាំងរួចគ្រប់ពីរដូស មិនទាន់ចាំបាច់ត្រូវចាក់ដូសទី៣នោះទេ»

    (វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឬពីរដូស មិនទាន់ចាំបាច់ត្រូវការចាក់វ៉ាក់សាំងដូសទី ៣ នៅឡើយទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកតំណាង មកពីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

    បើតាមអ្នកនាំពាក្យម្នាក់ មកពីក្រសួងសុខាភិបាលអាមេរិក កិច្ចពិភាក្សាអាចនឹងបន្តធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ថាតើពេលណា ទើបការវ៉ាក់សាំងដូសទី ៣ អាចនឹងតម្រូវឱ្យធ្វើជាចំបាច់។ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer កាលពីសប្ដាហ៍មុនបានឱ្យដឹងថា ខ្លួនកំពុងស្នើសុំការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិក សម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដូសទី ៣ ហើយការស្នើសុំនេះធ្វើឡើង ដោយផ្អែកលើភស្តុតាងហានិភ័យនៃការឆ្លង COVID-19 ក្រោយចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស បានរយៈពេល ៦ខែ និងការព្រួយបារម្ភពីការឆ្លងរាតត្បាតនៃវីរុសបម្លែងថ្មី Delta។

    គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះក៏បានកត់សម្គាល់ដែរថា បណ្ដាប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ដូសទី ៣ ជូនប្រជាជនរបស់ខ្លួននោះទេ ខណៈបណ្ដាប្រទេសដទៃនៅមិនទាន់មានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ចាក់ឱ្យប្រជាជនរបស់ពួកគេនៅឡើយ។ យ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនបានអះអាងថា ការចាក់វ៉ាក់សាំងដូសទី ៣ (booster shot) គួរតែត្រូវបានធ្វើឡើងប្រសិនបើករណីឆ្លង និងចូលមន្ទីរពេទ្យ ឬបាត់បង់ជីវិតនៃអ្នកចាក់វ៉ាក់សាំងរួចរាល់នោះ មានការកើនឡើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ