(ក្រុងឡុងដ៍)៖ បន្ទាប់ពីការប្រកួតរយៈពេល ១ខែ ព្រឹត្តិការណ៍ Euro 2020 បានឈានដល់ទីបញ្ចប់ហើយ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអ៉ីតាលី និងអង់គ្លេស ដែលបានធ្វើឡើងនៅវេលាម៉ោង ២៖០០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។
ក្នុងនោះភាគីចូលរួមប្រកួតទាំងអស់ សុទ្ធតែទទួលបានរង្វាន់ហិរញ្ញវត្ថុពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ អ៉ីតាលី ដែលបានក្លាយជើងឯក Euro 2020 បន្ទាប់ពីផ្តួលអង់គ្លេស ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ទល់នឹង២ ទទួលបានទឹកប្រាក់រហូតដល់ទៅជាង ៤០លានដុល្លារអាមេរិក (34 million euros) ខណៈអង់គ្លេសទទួលបានជាង ៣៥លានដុល្លារអាមេរិក (29.75 million euros)។
តាមពិតទៅប្រាក់រង្វាន់ឈ្នះពាន មានត្រឹមតែជាង ១១លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចំនួនប្រាក់ដែលអ៉ីតាលី និងអង់គ្លេសរកបាន គឺបូករួមទាំងដំណាក់កាលបានកៅអីលេង និងការឈ្នះជាបន្តបន្ទាប់ តាមវគ្គនីមួយៗរហូតមក។
Fresh News Plus សូមបង្ហាញចំនួនប្រាក់ ដែលក្រុមជម្រើសជាតិរកបាន ក្នុងដំណាក់កាលនីមួយៗ ដូចខាងក្រោម៖
* ក្រុមកឈ្នះពាន ឬក្រុមលេខ១ ទទួលបានជាង ១១លានដុល្លារ
* ក្រុមលេខ២ ទទួលបានជាង ៨លានដុល្លារ
* ក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គបួនក្រុមចុងក្រោយ ទទួលបានជិត ៦លានដុល្លារ
* ក្រុមឈ្នះវគ្គ១៦ក្រុមចុងក្រោយ ទទួលបានជិត ៤លានដុល្លារ
* ក្រុមដែលឡើងមកវគ្គ ១៦ក្រុម ទទួលបានជាង ២លានដុល្លារ
* ក្រុមដែលឈ្នះវគ្គចែកពូល ក្នុងមួយប្រកួតទទួលបានជិត ២លានដុល្លារ
* ក្រុមដែលស្មើគ្នាក្នុងវគ្គចែកពូល ក្នុងមួយប្រកួតទទួលបានជិត ៩០ម៉ឺនដុល្លារ
* ក្រុមដែលទទួលបានកៅអីលេងទាំង ២៤ក្រុម ក្នុងមួយទទួលបានជាង ១០លានដុល្លាររួចជាស្រេច៕