• ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១។

    ក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    * នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះ នៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    * នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

    ៣៖តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    * នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។

    ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ