• ជើងខ្លាំងឥណ្ឌូនេស៊ី Eko Roni ប្រកាសចង់ជួប ចាន់ រតនា សងសឹកឲ្យមិត្តរួមជាតិ

    (ភ្នំពេញ)៖ អ្នកលេងគុនចម្រុះឥណ្ឌូនេស៊ី Eko Roni Saputra បានប្រកាសចង់ជួបអ្នកលេងគុនចម្រុះជើងខ្លាំងកម្ពុជា ចាន់ រតនា លើសង្វៀនលំដាប់ពិភពលោក ONE Championship ដើម្បីសងសឹកឲ្យមិត្តរួមជាតិរបស់ខ្លួន បន្ទាប់ពីកីឡាករជើងខ្លាំងឥណ្ឌូនេស៊ី ២រូប បានរងបរាជ័យក្រោមកណ្ដាប់ដៃអ្នកលេងគុនខ្មែរកាលពីពេលកន្លងមក។

    ក្នុងប្រវត្តិ ៦ប្រកួតលើសង្វៀន ONE ចាន់ រតនា ធ្លាប់បានផ្ដួលកីឡាករឥណ្ឌូនេស៊ី ២រូបដោយមិនឲ្យឆ្លងផុតទឹកទី២ ដូចគ្នា រួមមានផ្ដួលកីឡាករជើងខ្លាំង Abro Fernandes កាលពីឆ្នាំ២០១៨ និងផ្ដួលជើងខ្លាំង Rudy Agustian នៅឆ្នាំ២០១៩។ ការណ៍នេះបានធ្វើឲ្យ Eko Roni ដេកមិនលក់បក់មិនរហើយចង់ជួបសាកដៃនឹង ចាន់ រតនា ក៏ដូចជាសងសឹកឲ្យមិត្ដរួមជាតិខ្លួនផងដែរ។

    Eko Roni បាននិយាយថា «ចាន់ រតនា បានផ្តួលកីឡាករឥណ្ឌូណេស៊ីច្រើននាក់ហើយ ដូច្នេះគាត់នឹងក្លាយជាដៃគូលំបាកសម្រាប់ខ្ញុំ…។ ចាន់ រតនា មានជំនាញវ៉ៃឈរល្អ ដូច្នេះខ្ញុំចង់ជួបគាត់។ បើបានជួបមែន ខ្ញុំប្រហែលជាលេងក្បាច់ក្រោមជាមួយគាត់។ សម្រាប់ខ្ញុំ បើជួបគ្នាមែន នឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍រវាងអ្នកជំនាញវ៉ៃឈរ ប៉ះអ្នកពូកែក្បាច់ក្រោម»។

    យ៉ាងណាមិញមុនប្រកាសចង់ជួបជើងខ្លាំងកម្ពុជា Eko Roni ក៏មានបទពិសោធក្រាស់ក្រែលលើសង្វៀនលំដាប់ពិភពលោក ONE នេះដែរ ដោយធ្លាប់ប្រកួត ៥លើក ឈ្នះ៤ និងចាញ់១ ក្នុងនោះអ្នកលេងគុនចម្រុះឥណ្ឌូនេស៊ីរូបនេះ ក៏ធ្លាប់យកឈ្នះកីឡាករកម្ពុជា ខុន ស៊ីចាន់ ត្រឹមទឹកទី១ កាលពីដើមឆ្នាំ២០២០ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ