• Samsung គ្រោងបោះទុនក្នុងទឹកប្រាក់ច្រើនពាន់លានដុល្លារបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិក

    (សេអ៊ូល)៖ ក្រុមហ៊ុន Samsung SDI Co ដែលជាបុត្រសម្ព័ន្ធរបស់ Samsung ត្រូវបានគេរាយការណ៍មកថា គ្រោងនឹង បង្កើត រោងចក្រ ផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិក ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តធំៗបានធ្វើការផ្លាស់ប្ដូរពីការផលិតរថយន្តប្រើប្រេងសាំង មកជារថយន្តអគ្គិសនីវិញ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា Samsung SDI គ្រោងវិនិយោគ ក្នុងទឹកប្រាក់ច្រើនពាន់លានដុល្លារអាមេរិក និងបានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Stellantis, Amazon , Ford Motor និង Rivian ក្នុងការផ្គត់ផ្គង់អាគុយសម្រាប់យន្តអគ្គិសនី។

    ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Samsung SDI បានត្រៀមលុយប្រមាណជាង ២.៦ពាន់លានដុល្លារអាមេរិក ដើម្បី ផ្គត់ផ្គង់ទៅលើសង្វាក់ផលិតកម្មផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Stellantis និងប្រមាណជិត ១ពាន់លានដុល្លារ ទៀត សម្រាប់ផ្គត់ផ្គង់អាគុយឱ្យក្រុមហ៊ុន Rivian។

    គម្រោងវិនិយោគនេះ ត្រូវបានគេរាយការណ៍មកថា ក្រុមហ៊ុន Samsung SDI អាចនឹងបង្កើតរោងចក្រដោយផ្ទាល់ខ្លួន ដើម្បីងាយស្រួល ក្នុងការដំណើរការ ខណៈដែលប្រភពផ្សេងទៀតបានបញ្ជាក់ថា ក្រុមហ៊ុន Samsung SDI អាចនឹងសហការជាមួយនឹងរោងចក្រដែល មាន ស្រាប់នៅលើទឹកដីអាមេរិកដើម្បីរួមគ្នាបង្កើនសមត្ថភាពក្នុងការផលិតអាគុយអគ្គិសនី ព្រោះការធ្វើបែបនេះ Samsung SDI អាចផ្គត់ផ្គង់ អាគុយទៅឱ្យក្រុមហ៊ុនផលិតរថយន្តផ្សេងៗបានលឿន និងទាន់តម្រូវការ ជាពិសេសគឺមិនចំណាយពេលវេលា និងថវិកា។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Samsung SDI មានរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅក្នុងប្រទេសកូរ៉េខាត្បូង ចិន និងហុងគ្រី ដោយបានផ្គត់ផ្គង់សម្រាប់ ក្រុមហ៊ុន BMW, Ford, Volvo និង Volkswagen ខណៈដែល បច្ចុប្បន្នមាន ក្រុមហ៊ុនកូរ៉េខាត្បូង ធំៗ ចំនួនពីរទៀតគឺ LG Energy Solution និង SK Innovation Co Ltd បានប្រកាសគម្រោងវិនិយោគក្នុងទឹកប្រាក់ជាង ៣០ពាន់លាន ដុល្លារបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅលើទឹកដីអាមេរិកផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ