• ប៉ូលិសហៃទីចាប់បានជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធនឹងការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise

    (ព័រអូប្រាំង)៖ មនុស្សជាច្រើននាក់ដែលគេសង្ស័យថាជាឃាតកធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានចាប់ឃុំខ្លួននៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺមិនដល់ ២៤ម៉ោងផង បន្ទាប់ពីលោក Moise ត្រូវបានខ្មាន់កាំភ្លើងមួយក្រុមបាញ់សម្លាប់នៅឯគេហដ្ឋានរបស់លោកតែម្ដង។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ នៃរដ្ឋាភិបាលហៃទី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

    អនុរដ្ឋមន្ត្រីទូរគមនាគមន៍ហៃទី លោក Frantz Exantus ធ្វើការប្រកាសខាងលើនៅក្នុងសារមួយបង្ហោះលើ Twitter។ លោក Frantz Exantus បានបញ្ជាក់ដូច្នេះថា៖ «មនុស្សជាច្រើននាក់ដែលជាប់សង្ស័យថាជាឃាតកសម្លាប់លោក Moise ត្រូវបានចាប់ខ្លួនដោយប៉ូលិសជាតិហៃទី នៅឯតំបន់ Pelerin មុនម៉ោង៦ល្ងាច យប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់»។ ក៏ប៉ុន្តែ លោក Frantz Exantus មិនបានបញ្ជាក់អ្វីបន្ថែមទេ ដោយគ្រាន់តែដឹងថាព័ត៌មានលម្អិតនឹងត្រូវចេញផ្សាយក្នុងពេល ឆាប់ៗនេះ។

    គួរបញ្ជាក់ថា ប្រធានាធិបតីហៃទី លោក Jovenal Moise ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅឯគេហដ្ឋានឯកជនរបស់លោក ក្បែរដ្ឋធានីព័រអូប្រាំង ហើយបើតាមនាយករដ្ឋមន្ត្រីស្តីទីរបស់ហៃទីលោក ក្លូដ ចូសិព (Claude Joseph) លោក Moise ត្រូវបានបាញ់សម្លាប់ នៅឯគេហដ្ឋានរបស់លោក ដោយក្រុមខ្មាន់កាំភ្លើងបរទេស ដែលនិយាយភាសាអង់គ្លេស និងអេស្ប៉ាញ។ ជាមួយគ្នានេះ ភរិយារបស់លោក Moise ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យ។

    សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះការធ្វើឃាតលោក Jovenal Moise រីឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាគ្នាពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសហៃទី។ បន្ថែមពីលើនេះប្រឈមមុខនឹងស្ថានការណ៍មិនច្បាស់លាស់ រដ្ឋាភិបាលហៃទីក៏ បានប្រកាសភាពអាសន្នផងដែរដោយផ្ដល់សិទ្ធិជាអាទិភាពឱ្យយោធាការពារសន្តិសុខនៃប្រទេស ខណៈអាកាសយានដ្ឋានក្នុងរដ្ឋធានីព័រអូប្រាំង ត្រូវបិទជាបណ្ដោះ អាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ