• ប្រជាជនរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ដោយសារនីវ៉ូទឹកសមុទ្រកើនឡើង

    (បាងកក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ផ្អែកលើរូបភាពផ្កាយរណបបានឱ្យដឹងថា ប្រជាជនរាប់លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹង គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្កឡើងដោយការកើនឡើងកម្រិតទឹកសមុទ្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

    បើតាមរូបភាពផ្កាយរណបរបស់ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានស្រាវជ្រាវ ដែលតារែស (Deltares) មានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ បណ្ដាប្រទេសនៅតំបន់ទំនាប ដែលងាយរងគ្រោះជាងគេ ដោយសារតែការកើនឡើងកម្រិតទឹកសមុទ្រ និងការលិចលង់ ដោយសារទឹកជំនន់ក្នុងនោះរួមមាន ឥណ្ឌូណេស៊ី, ថៃ, វៀតណាម និងហ្វីលីពីន។

    ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានដដែល បានឱ្យដឹងទៀតថា ប្រជាជននៃបណ្ដាប្រទេសទាំងនេះ អាចនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់នៃ ការកើនឡើងកម្រិតទឹកសមុទ្រជាប្រចាំឆ្នាំ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់ ពីមួយឆ្នាំទៅមួយឆ្នាំ។

    គួរបញ្ជាក់ថា បើតាមសិក្សារបស់វិទ្យាស្ថាន Deltares ប្រជាជន ១៥៧លាននាក់នៅតំបន់អាស៊ី-ត្រូពិច បច្ចុប្បន្នកំពុងរស់នៅតាមតំបន់ ដែលមានកម្ពស់ជាង ២ម៉ែត្រប៉ុណ្ណោះពីនីវ៉ូទឹកសមុទ្រ។ ដូច្នេះប្រសិនបើកម្រិតទឹកសមុទ្រ កើនឡើងមួយម៉ែត្របន្ថែមទៀត នោះមានន័យថា តំបន់នានាដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ស្ថិតនៅតាមតំបន់ដីសណ្ដរ នឹងត្រូវរងការជន់លិចយ៉ាងងាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ