• លោក ចូ បៃដិន ជំរុញឱ្យប្រជាជនអាមេរិករួសរាន់ចាក់វ៉ាក់សាំង ខណៈកំពុងស្ថិតក្រោមការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលាវ៉ាស៉ីនតោន) បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យទៅទទួលការចាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីការពារពួកគេពី ការឆ្លងជំងឺនេះ ក៏ដូចជាវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលមានសមត្ថភាពចម្លង រហ័សជាងវីរុសបម្លែងខ្លួនថ្មីនានា ដែលមាននៅពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

    លោក បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសហរដ្ឋអាមេរិកនឹងឈានដល់សញ្ញាមួយដែលប្រជាជនអាមេរិកចំនួន ១៦០លាននាក់ អាចទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) នៅចុងសប្តាហ៍នេះ ប៉ុន្តែលោកបានព្រមានថាវាមិនទាន់ជាពេលវេលាដែល ត្រូវសប្បាយចិត្តទេ ខណៈវីរុស COVID-19 បម្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកដែល មិនទាន់បានទទួលការចាក់វ៉ាក់សាំង។

    លោក បៃដិនបានគូសបញ្ជាក់ប្រាប់បន្ថែមថា «ប្រជាជនអាមេរិករាប់លាននាក់ នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំង និងមិនទាន់ទទួលបាន ការការពារ។ដោយសារតែបញ្ហានេះ សហគមន៍របស់ពួកគេ មិត្តភក្តិរបស់ពួកគេ ក្រុមគ្រួសាររបស់ពួកគេ គឺមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺនេះ ហើយនេះគឺជាការព្រួយបារម្ភដ៏ធំមួយ ជាពិសេសនោះគឺ វីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងរ៉ាប់រងជាងពាក់កណ្តាលនៃករណីឆ្លងសរុបថ្មីនៅផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក»

    ជុំវិញបញ្ហានេះ លោក បៃដិន បានលើកទឹកចិត្តប្រជាជនរបស់គាត់ថា «សូមទៅទទួលការចាក់វ៉ាក់សាំងឥឡូវនេះ… វាពិតជាជួយការពារយើង ពីការឆ្លងជំងឺនេះពិតប្រាកដមែន… វាមិនគិតថ្លៃនោះទេ។ វាមិនមានអ្វីដែលងាយស្រួលជាងនេះទេ ហើយវាក៏មិនមានអ្វីសំខាន់ជាងនេះដែរ»

    គួរបញ្ជាក់ថា វីរុស COVID-19 បម្លែងខ្លួនថ្មី Delta កំពុងបង្កការព្រួយបារម្ភនៅក្នុងប្រទេសជាច្រើន ដោយវាមានសមត្ថភាពចម្លងរហ័សជាងវីរុស COVID-19 បម្លែងខ្លួនថ្មីនានា ដែលមាននៅពេលបច្ចុប្បន្ននេះ ហើយវាអាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់ទៀតផង ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង។ បើតាមក្រុមមន្ត្រីសុខាភិបាលអាមេរិក វីរុស Delta ត្រូវបានគេរកឃើញនៅគ្រប់រដ្ឋទាំងអស់នៅ សហរដ្ឋអាមេរិកហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ