(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA European Championship 2020 លើកទី១៦ នៅពេលផ្តួលគូប្រជែងអេស្ប៉ាញដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ នៃវគ្គ ៤ក្រុមចុងក្រោយ។
អ៉ីតាលី ត្រូវរង់ចាំរវាងក្រុមជម្រើសជាតិដាណឺម៉ាក និងម្ចាស់ផ្ទះអង់គ្លេស ដែលត្រូវប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាម៉ោង ០២៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅកីឡដ្ឋាន Wembley ដូចគូប្រកួតរវាងអ៉ីតាលី និងអេស្ប៉ាញផងដែរ។
ខ្សែប្រយុទ្ធមកពីក្លិប Juventus, Federico Chiesa ជាអ្នករកបានគ្រាប់នាំមុខឲ្យអ៉ីតាលីនៅនាទី៦០ មុនពេលមិត្តរួមក្រុមមកពី Juventus ដូចគ្នា Alvaro Morata ស៊ុតគ្រាប់តាមស្មើឲ្យអេស្ប៉ាញវិញនៅនាទី៨០ ដែលជាការបញ្ជូនរបស់ Daniel Olmo រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងទៀតផង។
សម្រេចជាលទ្ធផលដោយបាល់ ១១ម៉ែត្រកាត់សេចក្តីគឺកីឡាករអ៉ីតាលីធ្វើបាន ៤គ្រាប់គ្រាដែលអេស្ប៉ាញធ្វើបានតែ ២គ្រាប់ប៉ុណ្ណោះ។ អ៉ីតាលី បានឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មីទៀត ក្នុងនាមជាក្រុមជើងឯក Euro តែ១លើកគត់កាលឆ្នាំ១៩៦៨ និងជាក្រុមដែលឈ្នះជើងឯក FIFA World Cup បាន ៤ដងដូចអាល្លឺម៉ង់ដែរ ដ្បិតពួកគេបានជម្រុះធ្លាក់កាលពី World Cup 2018 នៅប្រទេសរុស្ស៊ី៕