• កម្ពុជា កំពុងស៊ើបអង្កេត មុននឹងរកវិធានការដោះស្រាយរឿងថៃសង់ប្រាសាទចម្លងតាមអង្គរវត្ត

    នៅជំហានដំបូងនេះ អ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើជុំវិញករណីប្រទេសថៃសង់ប្រាសាទមួយស្រដៀងទៅនឹងប្រាសាទអង្គរ គឺឱ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃធ្វើការស៊ើបអង្កេត និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងឈានដល់ការរកដំណោះស្រាយណាមួយនោះ ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងទៅកាន់ Fresh News នាថ្ងៃទី ៦ កក្កដា ឆ្នាំ ២០២១ នេះ ។

    ប្រជាជនខ្មែរកំពុងផ្ទុះប្រតិកម្មជាខ្លាំងបន្ទាប់ពីធ្លាយរូបភាពមួយចំនួនបង្ហាញពីសកម្មភាពថៃ កំពុងសង់ប្រាសាទមួយ ស្រដៀងទៅនឹឹងកំពូលស្ថាបត្យកម្មរបស់ខ្មែរ គឺប្រាសាទអង្គរដ៏ល្បីល្បាញពាសពេញសកលលោក ។ ប្រជាជនកម្ពុជាទាមទារឱ្យប្រទេសថៃធ្វើការបកស្រាយជុំវិញការលួចចម្លងនេះ ។ យ៉ាងណាមិញតាមរយៈការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា ក៏បានប្រកាសជំហរយ៉ាងមុតមាំផងដែរថា កម្ពុជាមិនបាននៅស្ងៀមនោះឡើយ ហើយកំពុងពិនិត្យ និងស៊ើបអង្កេតរឿងថៃសង់ប្រាសាទស្រដៀងនឹងរចនាបថប្រាសាទអង្គរនៅលើទឹកដីខ្លួន ក្នុងខេត្តបុរីរ៉ាំ ជាប់ជាមួយខេត្តឧត្តរមានជ័យ របស់កម្ពុជា។

    លោកជំទាវ ភឿង សកុណា បានឱ្យបញ្ជាក់ថា នៅពេលនេះ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ កំពុងតែធ្ចើការប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ហើយដោយសារបញ្ហាកូវីដ តំណាងរដ្ឋាភិបាលកម្ពុជាមិនអាចទៅផ្ទាល់បាននោះទេ ។ ដូច្នេះអគ្គកុងស៊ុល និងស្ថានទូតកម្ពុជា ត្រូវធ្វើការប្រមូលស្រាវជ្រាវឱ្យព័ត៌មាន ឱ្យបានគ្រប់គ្រាន់សិន ទើបអាចរកដំណោះស្រាយបន្តទៀតបែបណា ដោយកម្ពុជាមិនអាចប្រតិកម្មបានភ្លាមៗនោះទេ ។ នៅក្នុងដំណាក់កាលនេះយើងមិនអាចកំណត់ច្បាស់លាស់ ១០០% ថាការសាងសង់ប្រាសាទនោះ យកលំនាំតាម ឬចម្លងតាមប្រាសាទអង្គរយ៉ាងណានោះទេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ