• តើពិតទេ កម្ពុជាមានវត្តមានសត្វដាយណូស័រសម័យបុរេប្រវត្តិសាស្ត្រឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ

    នៅក្នុងចំណោមរូបចម្លាក់សត្វអច្ឆរិយៈ ឬសត្វចម្លែក ប្រកបដោយបារមីតេជៈ គួរឲ្យគោរពកោតខ្លាច ដែលខ្មែរសម័យអង្គរបានឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ ខេត្តសៀមរាប យើងសង្កេតឃើញមានសត្វ២ប្រភេទ មានរូបរាងដូចថនិកសត្វនាសម័យបុរេប្រវត្តិសាស្ត្រ (មុន គ.ស) ដែលគេហៅថាដាយណូស័រ ។ តើពិតដែរឬទេ ថាវត្តមានសត្វដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ ជាសត្វដាយណូស័រតាំងពីសម័យបុរេប្រវត្តិសាស្ត្រនោះ។

    សំណង់អច្ឆរិយ ក្បាច់រចនាល្អប្រណីត សិល្បៈវប្បធម៌ដ៏ថ្កុំថ្កើង និងចម្លាក់បង្កប់ដោយអត្ថន័យផ្សេងៗ បានធ្វើឱ្យប្រាសាទតាព្រហ្ម ជាតំបន់ទេសចរណ៍វប្បធម៌ដ៏ពេញនិយម ក្នុងខេត្តសៀមរាប។ បន្ថែមលើនេះ អ្វីដែលធ្វើឱ្យប្រាសាទកសាងឡើងចុងសតវត្សទី ១២ ទាក់ទាញភ្ញៀវកាន់តែច្រើននោះ គឺចម្លាក់ដាយណូស័រ ដែលមិនទាន់មានក្រុមបុរាណវិទ្យាណាមួយ អាចសន្និដ្ឋានបានថា ចម្លាក់នេះមានប្រវត្តិយ៉ាងណាទេ។

    ក្រុមអ្នកស្រាវជ្រាវជាមួយចំនួន មានការបកស្រាយពាក់ព័ន្ធនឹងចម្លាក់លើជញ្ជាំងប្រាសាទ ដោយបានលើកឡើងថា វត្តមានចម្លាក់នោះគឺពិតជាសត្វដាយណូស័រឆ្លាក់ក្នុងសម័យកសាងប្រាសាទតាព្រហ្មនាសតវត្សរ៍ទី១២ ដោយសារមនុស្សសម័យដើមយល់ពីបាតុភូតធម្មជាតិនិងការវិវត្ដរបស់ធម្មជាតិ។ អ្នកកសាងអង្គរ និងជាងចម្លាក់ គឺជាអ្នកវិទ្យាសាស្ដ្រ។ អ្នកសិល្បៈដែលឆ្លាក់រូបចម្លាក់នានានៅលើប្រាសាទ មិនមែនជារឿងចៃដន្យនោះទេ។ តាមពិត ពួកគាត់បានយល់អំពីវិទ្យាសាស្ដ្រ ដែលសត្វដាយណូស័រប្រាកដជាមានជីវិតនៅលើផែនដី។

    យោងតាមលោកសាស្ត្រចារ្យបណ្ឌិត មីសែល ត្រាណេ បានឲ្យដឹងថាពពួកសត្វទាំងនោះភាគច្រើន គឺជាប្រភេទសត្វដែលមានរាងធំសម្បើមអស្ចារ្យ តែអ្វីដែលគួរឲ្យអនិច្ចានោះគឺពួកវាបានរលត់បាត់ផុតពូជអស់ទៅហើយ កាលពី៦០ ទៅ៦៥លានឆ្នាំមុន គ.ស ដោយសារភ្លើងឆេះកាល ហើយក្រោយមកក៏បានឲ្យកំណើតទៅសត្វមួយចំនួនខ្នាតតូចៗ ដូចជាសត្វបង្គួយ, ថ្លែន, ត្រកួត, ក្រពើ, អន្សង…ជាដើម ៘

    អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ វិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុន មិនបានឃើញ ឬជួបប្រទះ ស្គាល់សត្វយក្សទាំងនោះដោយផ្ទាល់ទេ ក៏ប៉ុន្តែបានឆ្លាក់តាមការស្រមើស្រមៃយ៉ាងប្រាកដ ដោយហេតុថាចមា្លក់ទាំងនោះ មិនមានពេញលក្ខណៈដូចគ្រោងឆ្អឹងសត្វដាណូស័រពិតៗ ដែលគេបានរកឃើញនៅលើពិភពលោកយើងនេះ ហើយដែលបានក្លាយទៅជាថ្មផូស៊ីល (FOSSILE) នោះឡើយ។

    ការស្រាវជ្រាវអំពីប្រវត្តិសត្វដាយណូស័រ គឺចាប់ផ្ដើមនៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ តែប៉ុណ្ណោះនៅទ្វីបអឺរ៉ុប ។ លោកបណ្ឌិតបានបញ្ជាក់ថា គេមិនទាន់បានឃើញសត្វទាំងនោះពិតៗនៅឡើយទេ។ វត្តមានរបស់សត្វនោះនៅលើអតីតទឹកដីខ្មែរ វាជារឿងមួយ រីឯគំនូរ ឬចម្លាក់នៃសត្វដាយណូស័រជារឿងមួយទៀត ដែលគេមិនត្រូវមានភាពច្របូកប្របល់ឡើយ បានន័យថា គ្រោងឆ្អឹងសត្វពិតជើងវាខ្លីជាង គឺវាខុសពីរូបចម្លាក់ ។

    រូប​ដាយណូស័រ​លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម ជា​ប្រភេទ​សត្វ​ស៊ី​រុក្ខជាតិ​ជា​អាហារ ប៉ុន្តែ​មិន​មាន​ការ​អះអាង​ច្បាស់​ការណ៍ណាថា​​ វា​ពិត​ជា​មាន​នៅ​កម្ពុជា និង​ហេតុ​អ្វី​បាន​ជា​ខ្មែរ​សម័យ​ដើម ឆ្លាក់​រូប​នេះ​​លើ​ជញ្ជាំង​ប្រាសាទ​ឡើយ។ ប៉ុន្តែ​​តាម​រយៈ​ការ​ពិភាក្សា​​ របស់​ក្រុម​អ្នកនាំ​ភ្ញៀវ (Guide) នៃ​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា បាន​វាយ​តម្លៃ​ថា ខ្មែរ​កាល​ពី​សម័យ​បុរាណ បាន​គាស់​ថ្ម​ភក់ ថ្ម​បាយក្រៀម មក​ធ្វើ​ប្រសាទ ហើយ​ក៏​ឃើញ​ផូស៊ីល​​មាន​រូបរាង​ស្រដៀង​សត្វ​ដាយណូស័រ​ ក៏​គេ​យក​មក​ឆ្លាក់​លំអ​ប្រាសាទ។

    ទោះបីជា​យ៉ាងណា នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ​ផ្លូវការ​ទេ ៖ “នេះ​ជា​អំណះអំណាង​មិន​ផ្លូវការ មិនមែន​​អំណះអំណាង​ពិត​ប្រាកដ​ទេ។ អ្នក​ខ្លះ​គេ​ថា មិន​មែន​ជា​​ណាយណូស័រ​ទេ វា​ជា​ប្រភេទ​សត្វ​អី​មួយ អ្នក​ខ្លះ​គេ​ឃើញ​ថា ដាយណូស័រ​ក៏​ថា​ដាយណូស័រ​ទៅ។ សូម្បី​​ក្រុម​បុរាណវិទ្យា ក៏​គេ​អត់​អះអាង​ថា​ម៉េច​ដែរ”។

    ក្រៅ​ពី​​​មាន​ដាយណូស័រ​ស៊ី​រុក្ខជាតិ នៅ​លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម ក៏​មាន​ចម្លាក់​ដាយណូស័រ​ស៊ីសាច់ ជាអាហារ​មួយ​ផ្សេង​ទៀត នៅ​​ប្រាសាទ​អង្គរវត្ត​ផង​ដែរ ប៉ុន្តែ​ក៏​មិន​មាន​ក្រុម​បុរាណ​វិទ្យា​ណា​ដឹង​ថា​ដាយ​ណូស័រ​ពី​រប្រភេទ​នេះ ​មាន​ប្រភព​មក​ពី​ណា ហើយ​ហេតុ​អ្វី​ខ្មែរ​ជំនាន់​ដើម យក​មក​​ឆ្លាក់​លើ​ជញ្ជាំង​ប្រាសាទ​ទាំងពីរ​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ