រូបភាពចេញពីពិធីភ្ជាប់ពាក្យកូនប្រុស-កូនស្រី ត្រកូលអភិជន ប្រកបដោយភាពប្រណីត ស្អាតស្ទើរគ្មានកន្លែងទាស់ ទាំងការតុបតែងរោងលម្អពិធី ទាំងសម្លៀកបំពាក់ គឺធ្វើទៅតាមលំអានប្រពៃណីខ្មែរយ៉ាងសមសួន បូកផ្សំនឹងការលាយបញ្ចូលការលម្អផ្កាស្រស់ចម្រុះពណ៌ បែបទាន់សម័យ កំពុងធ្វើឱ្យមហាជនផ្ទុះការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ។
តាមរូបភាពជាច្រើនសន្លឹកបង្ហោះនៅលើទំព័រហ្វេសប៊ុកផេក The ring wedding cambodia បានឱ្យដឹងថា ពិធីភ្ជាប់ពាក្យនេះគឺរវាងកូនប្រុសនាម ផន មុតសុក្រឆពណ្ណ និងកូនស្រីនាម តាំង ប៉ោហ្គិច ធ្វើឡើងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះ ។ នៅក្នងពិធីភ្ជាប់ពាក្យដ៏អស្ចារ្យនេះដែរគេឃើញមានវត្តមានថ្នាក់ដឹកនាំប្រទេសសំខាន់ៗចូលរួមដូចជា លោកជំទាវ ម៉ែន សំអន ជាដើម ។
អ្វីដែលគួរសរសើរក្រៅពីមានការរៀបចំតុបតែងលម្អយ៉ាងវិសេសវិសាលហើយនោះ នៅក្នុងពិធីភ្ជាប់ពាក្យនេះ គេឃើញមានការរៀបចំទៅតាមប្រពៃណីតាំងពីបុរាណមក គឺពិធីពិសារស្លាដក់កន្សែង ដែលមាននៅក្នុងរឿងព្រេងខ្មែរតាំងពីយូរលង់ណាស់មក ដោយពិធីនេះ គេតែងរៀបចំមុនពិធីមង្គលការមកដល់ ៕