• យោធាមីយ៉ាន់ម៉ាព្រមានប្តឹងកាសែតបរទេស ដែលតែងហៅរដ្ឋាភិបាលបច្ចុប្បន្នថា «របបយោធា ឬរបបសឹក»

    (រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងកាសែតបរទេស ឬអ្នកទាំងឡាយណាមួយដែលហៅខ្លួនថា «របបយោធា ឬក៏ចាត់ទុកព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈគឺជារដ្ឋប្រហារ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

    ការព្រមានខាងលើធ្វើឡើងនៅក្នុង សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងព័ត៌មាន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា និងចេញផ្សាយលើសារព័ត៌មានមីយ៉ាន់ម៉ា គ្លោបល ញូ ឡៃត៍ (Global New Light of Myanmar) នៅក្នុងសប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ត្រូវបានព្រមានរួចហើយ កុំឱ្យប្រើប្រាស់ពាក្យក្រុមប្រឹក្សាយោធា, របបយោធា ឬរបបសឹកក្នុងការពិព័ណ៌នាលើរដ្ឋាភិបាល… បើពុំដូច្នោះទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលមានស្រាប់ប្រឆាំងនឹងពួកគេ»។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ជាពេលដែលយោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលស៊ីវិលពីអំណាច និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូ ជី រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់លោកស្រី។
    ព្រឹត្តិការណ៍នេះត្រូវបានសារព័ត៌មានបរទេស ជាពិសេសនៅលោកខាងលិច និងរដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិចផ្ទាល់ចាត់ទុកថា «ជាការធ្វើ រដ្ឋប្រហារយោធា»។ មិនតែប៉ុណ្ណោះ ប្រទេសលោកខាងលិចដឹកនាំដោយ សហរដ្ឋអាមេរិក ក៏បានរួមគ្នាថ្កោលទោស ព្រមទាំងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ លើថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ដែលពួកគេចាត់ទុកថា ជាអ្នកទទួលខុសត្រូវលើរដ្ឋប្រហារនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ