• កម្ពុជា ប្រកាសដាក់ចេញយុទ្ធសាស្ត្រ ទិញវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ១០លាននាក់ និងចង់ឲ្យរួចរាល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសដាក់ចេញយុទ្ធសាស្ត្រ ទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានយ៉ាងហោចណាស់ ចាក់ជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់ នៅជំហានដំបូង និងដល់ក្មេងអាយុក្រោម១៨ឆ្នាំ។

    លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យការចាក់វ៉ាក់សាំងនេះបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

    ការដាក់ចេញយុទ្ធសាស្ដ្រនេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទី៦ ជាយុទ្ធសាស្ដ្រចុងក្រោយ តែជាយុទ្ធសាស្ដ្រសំខាន់ នោះគឺយុទ្ធសាស្ដ្រវ៉ាក់សាំង ត្រូវតែរកវ៉ាក់សាំង ចាក់ឲ្យប្រជាជន១០លាននាក់ ជាជំហានដំបូង និងបន្ដគិតដល់ការចាក់ សម្រាប់ក្មេងអាយុក្រោម១៨ឆ្នាំ […] កិច្ចការដែលយើងត្រូវធ្វើ គឺយ៉ាងដូច្នេះ»។

    បើតាមសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋ បានសរុបចំនួន ៤លាន២សែននាក់ ស្មើនឹង៤២ភាគរយ នៃចំនួនប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាកសាំង។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើភាពជាក់ស្តែងកម្ពុជា នឹងទទួលបានវ៉ាក់សាំង ពីចិនប្រមាណ២០លានដូស។

    សម្តេចតេជោ បានលើកឡើងថា ក្នុងខែកក្កដានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន ចំនួន៥លានដូស ក្នុងនោះ ថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស ហើយក្នុងខែសីហា កម្ពុជានឹងទទួលបាន៤លានដុសទៀត ដែលគ្រប់២០លានដុស។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លើការងារវ៉ាក់សាំង បើសម្តេច មិនសម្រេចពឹងចិនទេនោះ មកដល់ពេលនេះ រកតែវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋឲ្យបាន ២០ម៉ឺននាក់មិនបានផង។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើមិនឲ្យសម្តេចពឹងចិន តើទៅពឹងនរណា? បើប្រទេសខ្លះ បានត្រឹមតែសន្យា។

    សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ប្រជាជនសិង្ហបុរី ក៏ប្រើប្រាស់វ៉ាក់សាំងចិនដែរ។

    បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់។

    គូសបញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់២០លានដូស នៅត្រឹមខែសីហា ហើយគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យរួចរាល់នៅត្រឹម ខែវិច្ឆិកា ឆ្នាំ២០២១។ ការទទួល និងចាក់វ៉ាក់សាំងនៅកម្ពុជា គឺសម្រេចបានលឿន ជាងផែនការដែលបានគ្រោងទុក។

    កត្តាដែលនាំឲ្យជោគជ័យនេះ គឺការប៉ិនប្រសប់ ក្នុងការកសាងផែនការ និងការរកទិញវ៉ាក់សាំង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមួយទៀត គឺការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលចិន។

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលវ៉ាក់សាំងរួចរាល់ ចំនួនជាង១១លានដូសរួចហើយ ខណៈនៅខែកក្កដា ឆ្នាំ២០២១ ទទួលចំនួន ៥លានដូស និងខែសីហា ឆ្នាំ២០២១ ទទួលចំនួន៤លានដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ