• រលកម្តៅដ៏អាក្រក់បន្តវាយប្រហារកាណាដា និងអាមេរិក, មនុស្សស្លាប់កើនដល់ជាង ១៣០នាក់

    (វែនខូវើ)៖ ប្រជាជនកាណាដារាប់លាននាក់ ដែលកំពុងរស់នៅភាគខាងលិចប្រទេស និងប្រជាជនស្ថិតនៅភាគពាយព្យ នៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក កំពុងតែទទួលរងនូវរលកកម្តៅដ៏អាក្រក់បំផុត (នឹងកើនដល់ ៤៩អង្សាសេ) ដោយករណីស្លាប់ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់រាប់រយនាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

    សម្រាប់ប្រទេសកាណាដា គឺកំពុងរងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយមនុស្សសរុប ១៣៤នាក់ហើយបានបាត់បង់ជីវិតនៅទីក្រុង វែនខូវើ (Vancouver) ខណៈអាជ្ញាធរបានអះអះអាងថា សុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើនឡើង កម្តៅសីតុណ្ហភាព។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ បានលើកឡើងជុំវិញបញ្ហានេះថា «សីតុណ្ហភាពដែលបានកត់ត្រានៅសប្តាហ៍នេះ គឺមិនធ្លាប់មានពីមុនមក… មនុស្សជាច្រើនបានបាត់បង់ជីវិត ហើយហានិភ័យនៃភ្លើងឆេះព្រៃ ក៏ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ…»។

    ដោយឡែកនៅក្នុងទីក្រុង សៀតថល (Seattle) ភាគពាយព្យសហរដ្ឋអាមេរិក មនុស្សពីរនាក់បានស្លាប់ ដោយពួកគេមានអាយុ ៦៥ឆ្នាំ និង ២៨ឆ្នាំ។ វេជ្ជបណ្ឌិតនៅទីក្រុងនេះបានបកស្រាយថា នៅពេលរាងកាយមនុស្សកើនឡើងកម្តៅ នោះកម្រិតឈាមរបស់ពួកគេ ក៏កើនឡើងផងដែរ ទើបបានជាចុងបញ្ចប់ពួកគេត្រូវស្លាប់។

    គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូអនឡាញ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានណែនាំមន្ត្រីនៅតាមបណ្តារដ្ឋភាគខាងលិចដូចជា វ៉ាស៊ីនតោនស្តេត, ណេវ៉ាដា និងកាលីហ្វ័រញ៉ាជាដើម ឲ្យត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលអាចនឹងអាក្រក់ជាងឆ្នាំណាៗទាំងអស់។

    លោក ចូ បៃដិន ក៏បានរំលឹកផងដែរថា កាលពីឆ្នាំ២០២០ ភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីសរុប រាប់ម៉ឺនគីឡូម៉ែត្រក្រឡា ហើយផ្សែងភ្លើងពណ៌ទឹកក្រូច បានគ្របដណ្តប់ពាសពេញផ្ទៃមេឃ ដែលមើលទៅហាក់បីដូចជា «ថ្ងៃនៃទីអវសាន»។ ប្រធានាធិបតីអាមេរិករូបនេះ មិនភ្លេចរំលឹកជាថ្មីថា «ភ្លើងឆេះព្រៃក្នុងឆ្នាំនេះ អាចនឹងកាន់តែអាក្រក់»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ