មន្រ្តីឡាវម្នាក់ បាននិយាយថាប្រទេសខ្លួន គ្រោងនឹងធ្វើការសាកល្បងលើកដំបូងនៅលើផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុងវៀងចន្ទន៍ទៅប្រទេសចិននៅក្នុងខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
កាសែត Vientiane Times បានដកស្រង់សម្តីមន្រ្តីពាក់ព័ន្ធនៅក្នុងគម្រោងនេះថា ការសាកល្បងនៅលើផ្លូវដែកប្រវែង ៤២០ គីឡូម៉ែត្រត្រូវនឹងត្រូវធ្វើឡើងនៅក្នុងខែសីហា មុនពេលចាប់ផ្តើមដាក់ឱ្យដំណើរការនៅ ខែធ្នូ។
ផ្លូវដែកនៅទីក្រុងវៀងចន្ទន៍នេះ តភ្ជាប់ជាមួយផ្លូវដែកចិន នៅ Boten។ រថភ្លើងដែលដំណើរការដោយក្រុមហ៊ុនផ្លូវដែកឡាវនិងចិន នឹងរត់ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” របស់ចិន៕