• អគ្គិភ័យឆេះស្ថានីយ៍ប្រេងមួយកន្លែង នៅស្រុកចំការលើ ខេត្តកំពង់ចាម បណ្ដាលឲ្យស្លាប់មនុស្សម្នាក់, មូលហេតុដោយសារឆ្លងចរន្ដអគ្គិសនី ពេលបាញ់ប្រេងចូលកាន

    (កំពង់ចាម)៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅស្ថានីយ៍ប្រេងឥន្ធនៈដេប៉ូតេលា ស្ថិតក្នុងភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម នាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើននៅទីតាំងកើតហេតុ។ ខណៈមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី (បាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះ)។

    ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបញ្ជាឲ្យកម្លាំងអធិការដ្ឋាន ដឹកនាំដោយអធិការនគរបាលស្រុក, កម្លាំងខេត្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកជាប់ព្រំប្រទល់ ចេញរថយន្ដពន្លត់អគ្គីភ័យ អន្ដរាគមន៍ជាបន្ទាន់។

    ក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៨គ្រឿង ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យខេត្ត ០៣គ្រឿង, ស្រុកចំការលើ ០១គ្រឿង, ស្រុកស្ទឹងត្រង់ ០២គ្រឿង (របស់អធិការដ្ឋាន១គ្រឿង និងរថយន្តសហគម១គ្រឿង), ស្រុកព្រៃឈរ ០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ០១គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់០៩ស៊ឺទែន។

    អគ្គិភ័យខាងលើ បណ្ដាលឲ្យខូចខាត ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំង និងរនាបឈើ មានទំហំ ៧ម៉ត្រ គុណ៩ម៉ែត្រទាំងស្រុង, ស្ថានីយ៍ប្រេងឥន្ធនៈ ០១កន្លែង ឆេះអស់ទាំងស្រុង, រថយន្ត ម៉ាកលុចស៊ីស៣៣០ ចំនួន០១គ្រឿង, ម៉ូតូ ម៉ាក សេ១២៥ ចំនួន០១គ្រឿង និងប្រាក់ចំនួន។ ទ្រព្យសម្បត្តិខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ជឹម រីន ភេទប្រុស អាយុ៥៥ឆ្នាំ។

    យ៉ាងណាមិញ ក្នុងហេតុការណ៍អគ្គិភ័យមួយនេះ បានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ៣០ឆ្នាំ (កូនម្ចាស់ផ្ទះ) ដែលការស្លាប់នេះ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ