ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ថាមេដឹកនាំ លោក គីម ជុងអ៊ុន បានដកតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ បន្ទាប់ពីមានឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរមួយនៅក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសដើម្បីការពារប្រជាជនពីការឆ្លងរាលដាលនៃវីរុស កូវីដ-១៩។
កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនកាលពីខែមករា ឆ្នាំមុន ដើម្បីការពារប្រទេសពីការឆ្លងរាលដាលនៃជំងឺរាតត្បាត ដែលបានលេចចេញជាលើកដំបូងនៅក្នុងប្រទេសចិន ហើយបានបន្តវាយប្រហារទៅលើពិភពលោក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថាលោក គីម បានថ្លែងនៅក្នុងកិច្ចប្រជុំមួយថា មន្រ្តីរបស់លោកបានបង្កើតឱ្យមានកំហុសធ្ងន់ធ្ងរដែលបង្កជាវិបត្តយ៉ាងធំដល់សុវត្ថិភាពរបស់ប្រទេសនិងប្រជាជនរបស់ខ្លួន។ យ៉ាងណាមិញ លោក គីម មិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបានកើតឡើងនោះទេ៕