តាមរយៈបទសម្ភាសមួយជាមួយបណ្ដាញសារព័ត៌មាន BTV Cambodia លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងទាំងក្ដីព្រួយបារម្ភថា ពេលនេះប្រទេសកម្ពុជា បានឈានចូលដល់បន្ទាត់ក្រហម នៃការរាតត្បាតវីរុសកូវីដ-១៩ហើយ និងសឹងតែឈានផុតបន្ទាត់ក្រហមនេះទៅហើយ ។
លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា មិនចង់ឱ្យការរាតត្បាតនេះលើសពីបន្ទាត់ក្រហមនោះទេ ហើយប្រសិនបើកាលណា លើសពីបន្ទាត់ក្រហមហើយ គឺពិតជាពិបាកខ្លាំងណាស់ ជាការរាតត្បាតទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ ។ ប្រសិនបើមានការរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ហើយនោះ នឹងនាំមកនូវហានិភ័យដូចជា មូលដ្ឋានសុខាភិបាលសាធារណៈ មន្ទីរពេទ្យត្រូវតែហួសពីសមត្ថភាពហើយ ដោយសារតែចំនួនអ្នកឆ្លងច្រើនគ្មានកន្លែងដាក់អ្នកជំងឺនោះទេ ។ ដូចនេះនាំឱ្យមានអ្នកស្លាប់បាត់់បង់ជីវិតច្រើន ហើយបងប្អូនប្រជាពលរដ្ឋក៏ពិបាកក្នងការប្រកបរបររកស៊ី ដោយសារការវាយលុកខ្លាំង នឹងត្រូវបិទឡើងវិញ ដូចជាបិទកន្លែងណាមួយ តំបន់ណាមួយ ។ នាំឱ្យកើតមាននូវបញ្ហាសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចប្រទេសជាតិ ជាពិសេសអ្នកស្លាប់នឹងកើនឡើងជាលំដាប់ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល សូមរំឮកជាថ្មីម្ដងទៀត សូមចូលរួមចាប់ពីពេលនេះ ជាពិសេសបុគ្គលត្រូវតែការពារ អនុវត្តនូវវិធានការឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងដល់ដំណាក់កាលធ្ងន់ធ្ងរដែលគ្រប់គ្រងលែងបាន ៕