• អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋកុំទៅកន្លែងបិទជិត ឬប្រមូលផ្ដុំ

    (កោះកុង)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានអំពាវនាវសាជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយប្រជាពលរដ្ឋមិនត្រូវទីតាំងណាដែលបិទជិត ឬប្រមូលផ្ដុំនោះឡើយ ព្រោះទីតាំងទាំងនេះងាយនឹងឆ្លងជំងឺកូវីដ។

    ក្នុងឱកាសប្រគល់ថវិការបស់សម្ដេចតេជោ ហ៊ុន សែន ជូនជនទី៤លាន នៃការចាក់វ៉ាក់សាំងកូវីដ១៩ នៅស្រុកបុទុមសាគរ ខេត្តកោះកុង លោកស្រី ឱ វណ្ឌឌីន បានគូសបញ្ជាក់ថា ការអំពាវនាវបែបនេះ មិនមែនមានន័យថាហាមឃាត់មិនឲ្យប្រជាពលរដ្ឋទៅណាមកណានោះទេ ប៉ុន្ដែករណីទៅទីតាំងបិទជិត ឬប្រមូលផ្ដុំមនុស្ស មិនត្រូវនៅកន្លែងនោះលើសពី១៥នាទីនោះទេ។

    លោកស្រីបានអះអាងទៀតថា ក្នុងករណីប្រជាពលរដ្ឋនៅទីតាំងប្រមូលផ្ដុំណាមួយលើសទី១៥នាទី វីរុសកូវីដ១៩ ពិសេសពពួកបំប្លែងខ្លួនថ្មី ងាយនឹងវាយប្រហារចូលក្នុងខ្លួនមនុស្សម្នាក់ៗខ្លាំងណាស់។ ត្រង់ចំណុចនេះ លោកស្រីបានណែនាំដល់ពលរដ្ឋ មុនទៅកាន់ទីផ្សារណាមួយ ដើម្បីទិញម្ហូបជាដើមនោះ ត្រូវគិតពីផ្ទះជាមុន ថាខ្លួនត្រូវទិញអ្វីខ្លះ លុះពេលទៅដល់ត្រូវប្រញាប់ប្រញាល់ដើម្បីត្រឡប់មកផ្ទះវិញ។

    មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា មុនពេលធ្វើដំណើរទៅណាមកណា ប្រជាពលរដ្ឋម្នាក់ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួន តាមរយៈការពាក់ម៉ាស និងដាក់ជែល ឬអាល់កុលជាប់ខ្លួន ដើម្បីបាញ់ការពារ និងសម្លាប់មេរោគ។

    លោកស្រី ឱ វណ្ឌឌីន បានថ្លែងយ៉ាងដូច្នេះថា «សូមបងប្អូនចង់ចាំថា ទោះបីបងប្អូនចូលទៅក្នុងទីផ្សារក៏ដោយ ធ្វើយ៉ាងណាកុំឲ្យខ្លួនយើង នៅក្នុងទីតាំងនោះ លើសទី១៥នាទី ដែលនេះជាចំណុចសំខាន់ណាស់ត្រូវចង់ចាំទាំងអស់គ្នា។ បើចង់ទៅទិញអ្វីត្រូវគិតពីផ្ទះឲ្យហើយ អញ្ចឹងទៅដល់ភ្លាម ត្រូវអនុវត្តវិធានការការពារ ៣ការពារ ហើយទៅកុំឲ្យនៅទីនោះលើសទី១៥នាទី ព្រោះយើងនៅលើសពី១៥នាទី ជាពេលវេលាមួយសម្រាប់ឲ្យវីរុសកូវីស១៩ អាចវាយលុកចូលក្នុងសរីរាង្គយើងបានលឿនណាស់»។

    ជាមួយគ្នានេះ លោកស្រី ឱ វណ្ឌឌីន ក៏បានលើកឡើងអំពីស្ថានភាពនៃការបំប្លែងខ្លួនថ្មី របស់វីរុសកូវីដ១៩ (Data Plus) ផងដែរ ដោយតាមរយៈការសិក្សារបស់អ្នកវិទ្យាសាស្ដ្រ ពពួកបំប្លែងខ្លួនថ្មី (B1.1.7) ឆ្លងលឿនចន្លោះពី៥ទៅ៧ដង បើធៀបជាមួយវីរុសប្រភេទចាស់ ប៉ុន្ដែអ្វីដែលគេរកឃើញ គឺស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺនៅពេលឆ្លងពពួកបំប្លែងថ្មីនេះ។

    លោកស្រី អ្នកនាំពាក្យក្រសួងសុខាភិបាល បានកត់សម្គាល់ទៀតថា បច្ចុប្បន្នទម្រាំរកឃើញបុគ្គលណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ គឺស្ថានភាពធ្ងន់ធ្ងរបាត់ទៅហើយ ដោយសារវីរុសបំប្លែងខ្លួនថ្មី ដូច្នេះសូមប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះនៅពេលខាងមុខយើងមិនទាន់ដឹងថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីយ៉ាងណាទៀតនោះទេ ដូច្នេះវិធានការ ៣ការពារ និង៣កុំ គឺល្អបំផុតសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ