សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសម្តងទៀតប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអុីរ៉ង់នៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កងជីវពលគាំទ្រដោយអុីរ៉ង់ ទៅកាន់ទីតាំងដែលបុគ្គលិករបស់អាមេរិកស្នាក់នៅ ក្នុងប្រទេសអុីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារទៅលើឃ្លាំងផ្ទុកអាវុធនៅទីតាំងចំនួនពីរ នៅក្នុងប្រទេសស៊ីរី និងទីតាំងមួយផ្សេងទៀតនៅក្នុងប្រទេសអុីរ៉ាក់។
ការវាយប្រហារពីសំណាក់អាមេរិក បានសម្លាប់កងជីវពលគាំទ្រដោយអុីរ៉ង់យ៉ាងតិច ៥ នាក់។ ប្រតិបត្តិការនេះ គឺជាការបញ្ជាត្រង់ដោយលោកប្រធានាធិបតី ចូ បៃដិន និងជាលើកទី២ហើយ ដែលលោកបានបញ្ជាឱ្យមានការវាយប្រហារសងសឹកប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអុីរ៉ង់ចាប់តាំងពីចូលកាន់តំណែង៕