ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាហាក់មិនទាន់មានភាពធូរស្រាល ខណៈមានករណីចូលមកនៃវីរុសបម្លែងខ្លួនថ្មី ប្រភេទ Delta តាមរយៈច្រកព្រំដែនកម្ពុជា។ នេះបើតាមការប្រកាសបន្ទាន់របស់ក្រសួងសុខាភិបាលនាថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២១។
ដោយឡែក ចំពោះវត្តមាននៃវីរុសបម្លែងថ្មី ប្រភេទ Deltaនេះ បានធ្វើឲ្យអ្នកស្រី លី អៃលីន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មី ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងតាមរយៈការសម្ភាសរបស់ទូរទស្សន៍ BTV។
យ៉ាងណាមិញ អ្នកស្រីក៏បានជំរុញឱ្យធ្វើសកម្មភាពជាបន្ទាន់ ប្រកបដោយការទទួលខុសត្រូវ ដើម្បីប្រយុទ្ធ នឹងការរីករាលដាលនៃមេរោគបម្លែងខ្លួនថ្មីនេះ ផងដែរ ។
គួរបញ្ជាក់ឲ្យដឹងដែរថា បន្ទាប់ពីមានការរកឃើញការនាំចូលពីវីរុសបម្លែងខ្លួនថ្មី ប្រភេទ Delta ក្រសួងសុខាភិបាល បានចាត់វិធានការភ្លាមៗ ចំពោះពលរដ្ឋដែលធ្វើដំណើរចូលតាមព្រំដែន ត្រូវតែធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងឲ្យបាននូវការចម្លងចូលប្រភេទវីរុសបម្លែងថ្មីនេះចូលមកក្នុងប្រទេសកម្ពុជា ក្នុងទ្រង់ទ្រាយធំ៕