ប៉ូលីស បាននិយាយថាអតីតទាហានម្នាក់បានចូលទៅបាញ់កាំភ្លើង នៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែមិថុនា ឆ្នាំ២០២១ ដោយបានបាញ់សម្លាប់អ្នកជំងឺអាយុ ៥៤ ឆ្នាំម្នាក់។
ស្នងការប៉ូលីសប្រចាំតំបន់ លោក Amphol Buarabporn បានប្រាប់សារព័ត៌មានរ៉យទ័រ ថាជនសង្ស័យ អះអាងថាអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យ នៅ Pathum Thani ជិតទីក្រុងបាងកក គឺជាអ្នកលេងគ្រឿងញៀន ហើយជនសង្ស័យស្អប់អ្នកញៀនថ្នាំ។
ក្រោយមកជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួន។ រូបភាពនៅក្នុងមន្ទីរពេទ្យដែលជាកន្លែងកើតហេតុបានបង្ហាញឱ្យឃើញពីផ្ទៃកញ្ចក់បែកប្រេះស្រាំ នៅខាងមុខតំបន់ដែលអ្នកជំងឺកំពុងសម្រាកព្យាបាល៕