(នីយ៉ុង)៖ ច្បាប់គ្រាប់បាល់ក្រៅដី ដែលត្រូវបានប្រើតាំងពីឆ្នាំ១៩៦៥ មកនោះ នៅពេលនេះត្រូវបានសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA សម្រេចលុបចោលហើយ ក្នុងការប្រកួតផ្សេងៗសម្រាប់ក្លិបអាជីព ក្នុងនោះក៏រួមទាំងពានធំ Champions League ទៀតផង។
ការថែមម៉ោង និងទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តីនឹងត្រូវបានប្រើ ប្រសិនបើក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នាទាំង ២ជើងដោយមិនគិតពី Away goals ទៀតទេទាំងការប្រកួតនៅពាន UEFA Champions League, UEFA Europa League, UEFA Europa Conference League និងពានផ្នែកស្រ្តី Women’s Champions League ជាដើម។
លោក Aleksander Ceferin ប្រធាន UEFA បានថ្លែងប្រាប់ BBC ថា «វាមិនសមស្របសម្រាប់ការប្រើរូបមន្តគ្រាប់បាល់ក្រៅដីទៀតទេ ក្នុងការបន្ថែមបន្ទុកដល់គូប្រកួតម្ខាងទៀតនោះ។ យើងអាចនិយាយបានថា ម្ចាស់ផ្ទះសម្រាប់ជើងទី១ សែងសូវសំខាន់ទៀតហើយ លើកលែងតែអ្នករកគ្រាប់បាល់បានច្រើនក្នុងជើងទី២ កាត់សេចក្តី»។
គួររំលឹកផងថា Ajax ធ្លាប់បានចុកឈាមក្រោមថ្វីជើងរបស់ Tottenham Hotspur ដោយសារគ្រាប់បាល់ក្រៅដីនេះក្នុង UEFA Champions League នៃរដូវកាល ២០១៨-២០១៩ មុនពេលច្បាប់នេះត្រូវបានលុបចោលវិញ នៅមុនពេលរដូវកាលថ្មីឆ្នាំ២០២១-២០២២ ចាប់ផ្តើម៕