លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបង្ហាញប្រាប់នូវហេតុផលច្បាស់ៗ ចំនួន ២ យ៉ាង ចំពោះការធ្វើតេស្តលើសាកសព ដែលបានស្លាប់បើទោះបីជាពួកគាត់មាន ឬមិនមានផ្ទុកកូវីដ១៩។ នេះបើតាមការឲ្យដឹងតាមរយៈការសម្ភាសរបស់ទូរទស្សន៍ BTV។
ចំពោះហេតុផល ២ យ៉ាងដែលតម្រូវឲ្យគ្រូពេទ្យចាំបាច់ត្រវតែយកសំណាកលើសាកសពដែលបានស្លាប់នោះគឺ៖
ទី១ ៖ ដើម្បីបានដឹងថា អ្នកជំងឺមានផ្ទុកវីរុសកូវីដ១៩ និងដើម្បីរកឃើញពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់សាកសព ។
ទី២ ៖ ដើម្បីបានការពារដល់ក្រុមគ្រួសាររបស់សាច់ញាតិអ្នកស្លាប់ និង ការពារការចម្លងបន្តដែលមានលក្ខណៈទ្រង់ទ្រាយធំ ។
យ៉ាងណាមិញ លោកជំទាវក៏បានបញ្ជាក់ដែរថា មកទល់សព្វថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅមិនទាន់មានការថមថយនៅឡើយ ឬឯអ្នកស្លាប់នៅតែបន្តមានជារៀងរាល់ថ្ងៃ ដូច្នេះ ក្នុងពេលនេះ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគឺជាកត្តាសំខាន់បំផុតក្នុងការពារការចម្លងកាន់តែច្រើននៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ៕