• ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅក្រុងស្ទឹងត្រែង

    (ស្ទឹងត្រែង)៖ ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជាបន្ដបន្ទាប់រហូតដល់ជិត៣០នាក់ ខណៈកម្លាំងអាជ្ញាធរ សមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធករណីនេះ។

    សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនាម្សិលមិញ អ្នកឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» មានចំនួន២៧នាក់ និងកំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតផងដែរ។

    យ៉ាងណាមិញ សម្រាប់ករណីនេះមន្ដ្រីសុខាភិបាល បាននិងកំពុងសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះរៀបចំទីតាំងនៅភោជនីយដ្ឋាន «កាឡាក់ស៉ី» ដើម្បីសម្រុកយកសំណាកអ្នក ដែលមានការសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅមានខារ៉ាអូខេ «វិមានមាស» មួយទៀត ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងនោះក៏បានរកឃើញមនុស្សចំនួន៣នាក់ផងដែរ វិជ្ជមានជំងឺកូវីដ១៩។

    ជាមួយគ្នានេះ សមត្ថកិច្ចបានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាល់កុល ឬសាប៊ូជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ