• កម្ពុជាប្រកាសរកឃើញវត្តមានសត្វ «ឈ្លូសយក្ស» ជាលើកដំបូង

    (ភ្នំពេញ)៖ សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។

    នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

    លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសើរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរជ័យ ដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃ ដើម្បីបំពេញការងាររបស់ខ្លួន។

    រដ្ឋលេខាធិការបានថ្លែងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ពិតជាមានតម្លៃបំផុត សម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថាន ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។

    ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានបន្តថា ដោយការការពារ និងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភពទឹក ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជា។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់។

    បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ នៃក្រសួងបរិស្ថាន ដែលដឹកនាំការស្រាវជ្រាវឧបត្ថម្ភគាំទ្រដោយក្រសួងបរិស្ថាន និងការិយាល័យស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានថ្លែងថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ)។ នៅកំឡុងទសវត្សន៏៩០ ស្នែងឈ្លូសយក្ស ត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយ នៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។

    លោកបានថ្លែងថា ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាម ក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់ ទី១៖ ស្នែងសត្វឈ្លូសយក្ស មានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា, ទី២៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម និងទី៣៖ ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។

    តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយក្សនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។

    តាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ក្រុមអ្នកជំនាញស្រាវជ្រាវឃើញថាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២,៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ។

    នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ។

    រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃដែលកម្ពុជាមាន ជាពិសេសប្រភេទសត្វពូជកម្រៗជិតផុតពូជនៅលើពិភពលោកឱ្យបានគង់វង្ស។

    អ្នកនាំពាក្យរូប នេះ បានគូសបញ្ជាក់ថា ប្រភេទសត្វឈ្លូសយក្សនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាម កំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់។ ដូច្នេះយើងត្រូវនិយាយថាទេចំពោះសាច់សត្វព្រៃ និងសូមកុំបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ