កាលពីថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ តុលាការជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បានកាត់ទោសស្ត្រីម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំពីបទសម្លាប់ស្ត្រីជនជាតិមីយ៉ាន់ម៉ា ដែលជាអ្នកបម្រើតាមផ្ទះ ដោយប្រើវិធីរំលោភបំពានអស់រយៈពេលជាងមួយឆ្នាំ ដែលរួមមានការបង្អត់អាហារ ការធ្វើទារុណកម្ម និងការវាយដំជាដើម។
ជនជាតិសឹង្ហបុរីឈ្មោះ Gaiyathiri Murugayan បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសមនុស្សឃាតពិតប្រាកដមែន។ នាង Piang Ngaih Don ដែលមានអាយុ ២៤ ឆ្នាំជាអ្នកបម្រើការងារនៅផ្ទះរបស់ស្រ្តីខាងលើ ទទួលរងការវាយដំរយៈពេល ១៤ ខែ ដែលបណ្តាលឱ្យនាងឈានដល់ការបាត់បង់ជីវិត កាលពីឆ្នាំ ២០១៦។
ពលករធ្វើការតាមផ្ទះនៅទ្វីបអាស៊ី បានរាយការណ៍ពីការកេងប្រវ័ញ្ចនិងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីម្ចាស់ផ្ទះ ដោយស្ថានភាពការងារមានភាពគ្រោះថ្នាក់ខ្លាំង។ ភាគច្រើននៃពលករធ្វើការតាមផ្ទះទាំងនោះ គឺជាស្រ្តីចំណាកស្រុក មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមមានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង ហ្វីលីពីន ហើយត្រូវបានផ្តល់ការការពារតិចតួចក្រោមច្បាប់ប្រទេសដែលពួកគេបានទៅបម្រើការងារ៕