(ភ្នំពេញ)៖ ដោយនឹងកាន់ តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការធ្វើជាសន្ទនាជាមួយអាស៊ាន នាពេលខាងមុខ។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន។
ការបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជានេះ បានធ្វើឡើងដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលប្រមុខការទូតអង់គ្លេសមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។
ក្រសួងការបរទេសកម្ពុជា បានអះអាងថា នៅក្នុងក្របខ័ណ្ឌអាស៊ាន លោក ប្រាក់ សុខុន បានជម្រាបជូន លោក ដូមីនិក រ៉ាអាប់ អំពីការ ត្រៀមរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ដែលផ្តោតជាសំខាន់ទៅលើការលើកកម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ការពន្លឿនការស្តារឡើងវិញក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការពង្រឹងសុខុមាលភាពសាធារណៈ។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ របស់ចក្រភពអង់គ្លេសក្នុងការសុំបង្កើតភាពជាដៃគូសន្ទនាជាមួយអាស៊ាន ហើយឯកឧត្តមបានបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជា ចំពោះសំណើសុំរបស់ចក្រភពអង់គ្លេស អាស្រ័យដោយចក្រភពអង់គ្លេសតែងតែមានទំនាក់ទំនងយ៉ាងសកម្មជាមួយអាស៊ាន»។
រហូតមកដល់បច្ចុប្បន្នអាស៊ាន មានដៃគូសន្ទនាចំនួន ១០ប្រទេស រួមមាន៖ អូស្រ្តាលី, កាណាដា, ចិន, សហភាពអឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, នូវែលហ្សេឡង់, រុស្ស៉ី និងសហរដ្ឋអាមេរិកជាដើម។
នៅក្នុងជំនួបទ្វេភាគីនេះដែរ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ចក្រភព អង់គ្លេសចំនួន១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេសដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយជំងឺរាតត្បាត។
រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមមាន សេចក្តីព្រាងក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូ និងបច្ចេកវិទ្យានានាដែលដើរតួនាទីដ៏សំខាន់។
ភ្ជាប់ជាមួយបញ្ហានេះ លោក ប្រាក់ សុខុន បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) នៅទីក្រុង Glasgow។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាពបន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធឡើង ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ៕