មជ្ឈមណ្ឌលផ្នែកជីវសាស្រ្ត នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បាននិយាយថា កំពុងធ្វើការសិក្សា អំពីលទ្ធភាពនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពីក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗគ្នា ដើម្បីបង្កើនភាពស៊ាំនិងបង្កើនការ ការពារប្រឆាំងនឹងការឆ្លងមេរោគកូវីដ Delta (ឥណ្ឌា) ដែលកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស។
លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលបានមានប្រសាសន៍ថា ការសិក្សានេះត្រូវបានគេរំពឹងថា នឹងដឹងលទ្ធផលក្នុងរយៈពេល ២-៣ខែ ខាងមុខនេះ។ ក្រុមអ្នកស្រាវជ្រាវរបស់លោកកំពុងធ្វើការជាមួយដៃគូដើម្បីសិក្សា អំពីការរួមបញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca។
ការសិក្សានេះ នឹងមានភាគរយខ្ពស់អាចបង្ហាញថាការបញ្ចូលគ្នារវាងវ៉ាក់សាំង ២ប្រភេទផ្សេងគ្នាអាចជួយបង្កើនភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងបានច្រើនជាងការពឹងផ្អែកលើការចាក់វ៉ាក់សាំងតែមួយប្រភេទ។ ប្រសិនបើការសិក្សាពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងរួមបញ្ចូលគ្នា ទាំង២ប្រភេទ ទទួលបានផ្លែផ្កា គេរំពឹងថា វ៉ាក់សាំង Sinovac នឹងត្រូវចាក់ដូសទី១ ហើយវ៉ាក់សាំង AstraZeneca នឹងត្រូវចាក់សម្រាប់ដូសទី២ នៅ៤ សប្តាហ៍បន្ទាប់៕