• Justin Bieber និងភរិយា បណ្តើរគ្នាត្រសង ទៅជួបប្រធានាធិបតីបារាំង លោក Macron ដើម្បីចែករំលែកទស្សនៈរបស់ខ្លួន លើវិស័យតន្រ្តី

    (បារាំង)៖ តារាចម្រៀងមានឈាមជ័របារាំងកាត់កាណាដា លោក Justin Bieber និង Hailey Bieber ជាភរិយា ត្រូវបានរាយការណ៍ថា មានជំនួបពិសេសមួយនាពេលថ្មីៗនេះ ជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស។ ប្តីប្រពន្ធតារាចម្រៀងទាំងពីរ ត្រូវបានគេមើលឃើញថា រៀបចំខ្លួនយ៉ាងសមសួន បណ្តើរគ្នាទៅវិមាន Élysée ដែលជាគេហដ្ឋានរបស់ លោក Macron។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Celebrity News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

    តារាចម្រៀងវ័យ ២៧ឆ្នាំ ដែលអាចនិយាយភាសាបារាំងយ៉ាងស្ទាត់ជំនាញ Justin Bieber និងភរិយា បានធ្វើដំណើរទស្សនកិច្ចទៅវិមាន Élysée ដែលជាគេហដ្ឋានផ្ទាល់ខ្លួនរបស់ លោក Emmanuel Macron នៅក្នុងទីក្រុងប៉ារីស នៅថ្ងៃច័ន្ទសប្តាហ៍នេះ។ បន្ទាប់ពីជំនួបនេះ គេសង្កេតឃើញថា Justin Bieber បានបង្ហោះរូបថតជុំគ្នា រវាងលោកនិងភរិយា ជាមួយលោក Emmanuel Macron ជាមួយលោកស្រី Brigitte Macron នៅលើបណ្តាញសង្គម Instagram ផ្លូវការ ដើម្បីឲ្យអ្នកគាំទ្របានដឹង។

    បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង បានឲ្យដឹងថា Justin Bieber បានស្នើសុំជួបប្រធានាធិបតីបារាំង ហើយមូលហេតុនៃជំនួបនេះ គឺដើម្បីចែករំលែកទស្សនៈរបស់ Justin Bieber លើវិស័យតន្រ្តី ជាមួយប្រធានាធិបតីបារាំង អំពីបញ្ហាដែលទាក់ទងនឹងយុវជន និងចម្រៀងអន្តរជាតិ។

    គួរជម្រាបថា Justin Bieber ត្រូវបានគេមើលឃើញថា បានធ្វើដំណើរទៅបារាំងពីរបីថ្ងៃមកហើយ ដោយអ្នកទាំងពីរទំនងជាទៅកំសាន្ត និងដើម្បីបំពេញកិច្ចការងារមួយចំនួននៅទីនោះ។ ទន្ទឹមគ្នានេះ Justin Bieber មិនទាន់បានបញ្ជាក់ពីមូលហេតុឲ្យច្រើនបន្ថែមទៀត នៃការធ្វើដំណើរទៅបារាំង ជាពិសេសមូលហេតុនៃការទៅជួបលោក Emmanuel Macron៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ