កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ លោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះនៅក្នុងផេកផ្លូវការរបស់លោកពីសកម្មភាពនៃការចុះពិនិត្យការដឹកជញ្ជូនដុំថ្ម ដែលមានទម្ងន់រាប់សិបតោន ដើម្បីសាងសង់ប្រាសាទព្រះវិហារជានិមិត្តរូប និងចេតីយ៍ថ្មី នៅលើកំពូលភ្នំក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។
យ៉ាងណាមិញ បើយើងក្រលែកមើល ក្រៅអំពីរូបភាពនៃដំណើរការការដឹកជញ្ជូនថ្មសាងសង់ យើងក៏ឃើញមានរូបថតដែលលោកឧកញ៉ា បានថតរួមជាមួយកូនៗ និងចៅ រួមជាមួយភរិយាជាទីស្រលាញ់របស់លោក ផងដែរ។
គួរបញ្ជាក់ដែរថា ថ្មទម្ងន់រាប់សិបតោន ត្រូវបានដឹកជញ្ជូនឡើងភ្នំ ដើម្បីសាងសង់ប្រាសាទព្រះវិហារសិប្បនិម្មិត និងចេតីយ៍ ដោយថ្មទាំងនោះ ត្រូវបានយកមកជួលជាងឲ្យឆ្លាក់អក្សរ(ចារឹកលើផ្ទាំងសីលា)។ យ៉ាងណាមិញ ដោយសារតែ ថ្មមួយដុំៗ មានទម្ងន់រហូតដល់ទៅ ៤៥ តោន ទើបបានជាយកអ៊ិចស្ការវ៉ាទ័រ ៣គ្រឿងមកផ្គុំគ្នាទើបអាចដាក់ចុះពីលើរថយន្តហ្លាតដឺហ្វ័មបាន។
លោកឧកញ៉ា ក៏បានរៀបរាប់ទៀតថា ” ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថានៅក្នងឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលនិយមទៅធ្វើទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ប្រាកដជាបានឃើញសមតិផលខាងលើនេះជាក់ជាមិនខានឡើយ ” ៕