• ឥណ្ឌាបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់មនុស្សពេញវ័យទាំងអស់

    (ញូដេលី)៖ ប្រទេសឥណ្ឌា បានបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់មនុស្សពេញវ័យទាំងអស់ដោយឥតគិតថ្លៃហើយ នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រារព្ធទិវាយោហ្គាអន្តរជាតិ (International Yoga Day) ក្នុងទ្រង់ទ្រាយតូចជាងធម្មតា ហើយបានសរសើរថា វាមានលក្ខណៈសម្បត្តិ អាចជួយការពារប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

    រដ្ឋាភិបាលឥណ្ឌា បានពង្រីកបន្ថែមការចាក់វ៉ាក់សាំងជូនដល់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុក្រោម៤៥ឆ្នាំ កាលពីថ្ងៃទី០១ ខែឧសភា ប៉ុន្តែទន្ទឹមគ្នារដ្ឋបាលរដ្ឋនីមួយៗ និងមន្ទីរពេទ្យឯកជន ត្រូវទទួលបន្ទុករកទិញវ៉ាក់សាំងដោយខ្លួនឯង សម្រាប់ចាក់ជូនពួកគេ ដែលនាំឱ្យមានភាពច្របូកច្របល់ និងកង្វះខាតការផ្គត់ផ្គង់។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលសហព័ន្ធនៅទីក្រុងញូដេលី បានប្រកាសវិញថា ខ្លួននឹងជាអ្នកទទួលបន្ទុកទិញវ៉ាក់សាំង៧៥ភាគរយ និងចែកចាយទៅកាន់រដ្ឋនានា ដើម្បីចាក់ជូនដល់ប្រជាជនដោយឥតគិតថ្លៃ ខណៈ២៥ភាគរយទៀត គឺទុកឲ្យមន្ទីរពេទ្យឯកជនដដែល។

    អ្នកជំនាញផ្នែកសុខភាពសហគមន៍ លោក Rajib Dasgupta បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា «ការចាក់វ៉ាក់សាំង ត្រូវគេរំពឹងថានឹងបង្កើនល្បឿនជាថ្មីនាពេលឥឡូវនេះ… ការចាក់វ៉ាក់សាំងប្រចាំថ្ងៃបានកើនឡើងក្នុងរយៈពេលមួយសប្តាហ៍មុន ហើយត្រូវរំពឹងថា នឹងកើនឡើងបន្ថែមទៀត»។

    ការចាក់ផ្តើមវ៉ាក់សាំងជូនដល់ប្រជាជនដោយឥតគិតថ្លៃ បានកើតឡើងស្របពេលដែលលោក Narendra Modi ប្រារព្ធទិវាយោហ្គាអន្តរជាតិ ជាមួយការថ្លែងសុន្ទរកថា ដែលលើកឡើងថា «ការធ្វើលំហាត់ប្រាណ Yoga បានបង្ហាញម្តងហើយម្តងទៀតថាជាប្រភពនៃ «កម្លាំងខាងក្នុង»។ នៅពេលដែលខ្ញុំនិយាយទៅកាន់អ្នកប្រយុទ្ធជួរមុខ ពួកគេប្រាប់ខ្ញុំថា ពួកគេបានយកការធ្វើលំហាត់ប្រាណ Yoga ជាខែលការពារប្រឆាំងនឹងជំងឺ COVID-19»។

    គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនចំនួន ២៧៥លានដូស ក្នុងនោះត្រឹមតែ ៤ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ រដ្ឋាភិបាលឥណ្ឌាមានគោលបំណងចាក់វ៉ាក់សាំងជូន ដល់មនុស្សពេញវ័យទាំងអស់នៅក្នុងប្រទេស ដែលមានចំនួនជិត១.១ពាន់លាននាក់ ឱ្យបាននៅចុងឆ្នាំ២០២១នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ