• ប្រេស៊ីល៖ «ចំនួនមនុស្សស្លាប់កើនលើស ៥០០,០០០នាក់ ខណៈកូវីដ-១៩បម្លែងថ្មី Delta កំពុងបង្កការព្រួយបារម្ភខ្លាំងឡើងៗ ជាពិសេសលើប្រសិទ្ធភាពវ៉ាក់សាំង»

    (សៅប៉ូឡូ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសប្រេស៉ីល បានកើនឡើងលើសពី ៥០០,០០០នាក់ហើយ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅអាមេរិកឡាទីន) ខណៈក្រុមអ្នកជំនាញបានព្រមានថា ការផ្ទុះឡើងនៃការស្លាប់ខ្ពស់បំផុតទី ២ នៅលើពិភពលោកនេះ អាចនឹងមានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែការពន្យារពេលក្នុងការចាក់វ៉ាក់សាំង និងការបដិសេធរបស់រដ្ឋាភិបាល ក្នុងការអនុវត្តវិធានការរក្សាគម្លាតសង្គម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

    រហូតមកទល់ពេលនេះ ប្រជាជនប្រេស៊ីលតែប្រមាណ ១១ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ២១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ហើយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានព្រមានថា នៅពេលរដូវរងារមកដល់តំបន់អឌ្ឍគោលខាងត្បូង និងវីរុសបម្លែងខ្លួនថ្មីកំពុងឆ្លងរីករាលដាល ការស្លាប់នឹងបន្តកើនឡើង ទោះបីជាសម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។

    លោក ហ្គន់ហ្សាឡូ វែស៊ីណា (Gonzalo Vecina) អតីតប្រធានអាជ្ញាធរសុខាភិបាលប្រេស៊ីល អានវីសា (Anvisa) បានព្យាករណ៍ថា «ខ្ញុំគិតថាយើងនឹងឈានដល់ការស្លាប់ប្រមាណ ៧០០,០០០ ឬ ៨០០,០០០នាក់ មុនពេលយើងមើលឃើញផលបានមកពីការចាក់វ៉ាក់សាំង ព្រោះយើងកំពុងជួបប្រទះការមកដល់នៃវីរុសបម្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌាហើយ ដែលវាមានសមត្ថភាពចម្លងបានលឿន និងអាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។

    បើតាមក្រសួងសុខាភិបាលប្រេស៊ីល គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ ប្រទេសអាមេរិកឡាទីនមួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៧,៨៨៣,៧៥០ករណីហើយ ក្នុងនោះមានអ្នកស្លាប់សរុប ៥០០,៨០០នាក់ ខណៈក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ប្រេស៊ីលមានអត្រាស្លាប់ជាមធ្យមជាង ២,០០០នាក់ក្នុងមួយថ្ងៃឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ