• លោក ចូ បៃដិន នឹងព្យាយាមបែងចែកវ៉ាក់សាំងទាំង «៨០លានដូស» ទៅតាមការសន្យា

    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ចូ បៃដិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សេតវិមាននឹងបញ្ចប់ការបែងចែក វ៉ាក់សាំងបង្ការ COVID-19 ទាំង ៨០លានដូសផលិតនៅអាមេរិក ហើយចាប់ផ្តើមដឹកទៅកាន់ប្រទេស និងដែនដីជាគោលដៅ នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ ប្រសិនបើប្រទេសទាំងនោះ ត្រៀមលក្ខណៈរួចរាល់ដើម្បីទទួលវា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

    មន្ត្រីជាន់ខ្ពស់ខាងលើគឺលោក ចេហ្វ ហ្ស៊ានស៍ (Jeff Zients) បានបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានវេចខ្ចប់ និងដឹកជញ្ជូនវ៉ាក់សាំងមួយចំនួនរួចទៅហើយដែរ ដោយប្រទេសដំបូងៗដែលទទួលបានវាគឺកាណាដា និងប្រេស៊ីល។ សម្រាប់ប្រទេសកាណាដា ទើបតែបានទទួលវ៉ាក់សាំង Moderna ពីសហរដ្ឋអាមេរិកសរុប ១លានដូសក្នុងសប្តាហ៍នេះ ខណៈប្រេស៊ីលក៏នឹងទទួលបានវ៉ាក់សាំងបង្ការ COVID-19 ពីគម្រោងបរិច្ចាគ ៨០លានដូស នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតផងដែរ។

    គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន កាលពីដើមខែមិថុនានេះបានប្តេជ្ញា សម្រេចការចែកចាយវ៉ាក់សាំងឲ្យបាន ២៥លានដូស ហើយសម្រាប់ ៥៥លានដូសទៀត នឹងត្រូវបង្ហើយនៅដំណាច់ខែមិថុនា។ សេតវិមានបានប្រកាសកាលពីសប្តាហ៍មុននេះថា ខ្លួននឹងបញ្ជាទិញវ៉ាក់សាំង ៥០០លានដូសពីក្រុមហ៊ុន Pfizer ដើម្បីបរិច្ចាគទៅកាន់ប្រទេសក្រីក្រ នៅអំលុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ