ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើព្រះសង្ឃ តាជី យាយជី និងនិស្សិតដែលស្នាក់នៅក្នុងវត្ត ចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ចំនួន៣៩អង្គ\នាក់ ក្នុងចំណោមសរុប៣៧៣អង្គ\នាក់ ដែលបានធ្វើតេស្ដយកសំណាកនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ។
ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ហើយនោះ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គ\នាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាល។ ដោយឡែកព្រះសង្ឃ និងអ្នកដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ នៅក្នុងវត្ត។
ជុំវិញករណីនេះ បើតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ ឲ្យដឹងថា ដំបូងឡើយ គឺមានតាអាចារ្យម្នាក់នៅក្នុងវត្តបានស្លាប់ ហើយក្រោយការស្លាប់នោះ ក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាកពិនិត្យឃើញមានវិជ្ជមានកូវីដ១៩។ ក្រោយការពិនិត្យឃើញហើយនោះ មិនបានប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមានព្រះសង្ឃ១អង្គបានពិនិត្យសំណាកឃើញមានវិជ្ជមានកូវីដ១៩ដែរ ។
ក្រោយមានព្រះសង្ឃ១អង្គមានវិជ្ជមានហើយនោះ អាជ្ញាធរបានចុះហ៊ុមព័ទ្ធទីតាំងវត្តទាំងមូល ដោយចាក់សោរទ្វាររបងវត្ត និងតម្រូវឲ្យព្រះសង្ឃ តាជីយាយជី និងអ្នកពាក់ព័ន្ធនៅក្នុងវត្តទាំងអស់ ត្រូវធ្វើសំណាកដើម្បីរកវីរុសកូវីដ-១៩៕