• លោក គីម ជុងអ៊ុន ថាសេដ្ឋកិច្ចកូរ៉េខាងជើង «ប្រសើរឡើងវិញ» នៅឆ្នាំ២០២១នេះ តែនៅជួបវិបត្តិស្បៀងអាហារ

    (សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះ មានភាពប្រសើរឡើងវិញហើយនៅឆ្នាំ២០២១នេះ ប៉ុន្តែលោកបានអំពាវនាវឱ្យ ចាត់វិធានការយ៉ាងតឹងរ៉ឹងបន្ថែម ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺ COVID-19 និងការវាយប្រហារដោយព្យុះទីហ្វុង កាលពីឆ្នាំ២០២០កន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

    បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពគោលនយោបាយសំខាន់ៗ និងវិធានការសិប្បកម្ម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។

    នៅក្នុងកិច្ចប្រជុំនោះ លោក គីម បានគូសបញ្ជាក់ថា សេដ្ឋកិច្ចទាំងមូលនៃប្រទេសកូរ៉េខាងជើង មានភាពប្រសើរឡើងវិញហើយ នៅឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយមានទិន្នផលឧស្សាហកម្មកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

    ទោះជាយ៉ាងណា ប្រមុខដឹកនាំកូរ៉េខាងរូបនេះបានសង្កត់ធ្ងន់ថា «ស្ថានភាពស្បៀងអាហាររបស់ប្រជាជន នាពេលឥឡូវនេះ កាន់តែមានភាពតានតឹងឡើងហើយ ខណៈវិស័យកសិកម្ម មិនបានបំពេញទៅតាមផែនការផលិតកម្មរបស់ខ្លួន ដោយសារតែការខូចខាត បង្កឡើងដោយព្យុះទីហ្វុងកាលពីឆ្នាំ២០២០ កន្លងទៅនេះ»។

    បើតាម KCNA គណបក្សពលករកំពុងកាន់អំណាច បានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការធ្វើកសិកម្មនៅឆ្នាំ២០២១នេះ និងពិភាក្សាពីវិធីសាស្ត្រនានា ដើម្បីដោះស្រាយការឆ្លងរីករាលដាល COVID-19 ផងដែរ។ រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ជាផ្លូវការ នូវការរកឃើញករណីឆ្លងជំងឺ COVID-19 ណាមួយឡើយ។ ទោះជាយ៉ាងណា ប្រទេសនេះបានដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងតឹងរ៉ឹង រួមមានការបិទព្រំដែន និងការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុកជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ