លោក Ziona Chana មានអាយុ ៧៦ ឆ្នាំដែលត្រូវបានគេជឿថាជាមេគ្រួសារដ៏ធំបំផុតនៅលើពិភពលោកបានស្លាប់ហើយ នៅក្នុងរដ្ឋមីហ្សូរ៉ាម ប្រទេសឥណ្ឌា។
បុរសដែលមានប្រពន្ធច្រើនរូបនេះ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី ១៣ ខែមិថុនា ឆ្នាំ២០២១ ដោយបន្សល់ទុកភរិយាចំនួន ៣៨ នាក់ កូន ៨៩ នាក់ និងចៅ ៣៦ នាក់។ មូលហេតុនៃការស្លាប់របស់លោក Chana ត្រូវបានឱ្យដឹងថាគាត់មានជំងឺប្រចាំកាយ គឺ ទឹកនោមផ្អែមនិងជំងឺលើសឈាម។ ស្ថានភាពរបស់លោក Chana កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីត្រូវបានព្យាបាលនៅផ្ទះនៅក្នុងភូមិរបស់គាត់។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅល្ងាចថ្ងៃអាទិត្យជាកន្លែងដែលគាត់ត្រូវបានគេប្រកាសថាបានស្លាប់។
ក្រុមគ្រួសារដ៏ធំសម្បើមរស់នៅជាមួយគ្នានៅក្នុងផ្ទះ ៤ ជាន់ដែលមានឈ្មោះថា “Chuuar Than Run” ឬផ្ទះជំនាន់ថ្មីដែលមាន ១០០ បន្ទប់។ ផ្ទះដ៏សែនធំប្រៀបដូចវិមាននេះគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយប្រចាំរដ្ឋ ដែលមានប្រជាជនមកពីជុំវិញពិភពលោកតែងមកទស្សនាពីរបៀបរស់នៅរបស់លោក Chana ។ យោងតាមសារព័ត៌មាន រ៉យទ័រ លោក Chana បានកើតក្នុងឆ្នាំ ១៩៤៥។ គាត់បានជួបប្រពន្ធចាស់ជាងគេរបស់គាត់ដែលមានអាយុលើសគាត់ ៣ ឆ្នាំនៅពេលដែលគាត់មានអាយុ ១៧ ឆ្នាំ៕