• រោងចក្រជាង១៣០ក្នុងប្រទេសថៃ «ផ្ទុះករណីឆ្លងកូវីដ-១៩» ដែលអាចបង្កបញ្ហាធំដល់វិស័យនាំចេញ

    (បាងងកក)៖ ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានា ទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យនាំចេញរបស់ប្រទេសអាស៊ានមួយនេះ ខណៈដែលជំងឺរាតត្បាតសកល បានធ្វើឲ្យវិស័យទេសចរណ៍ ធ្លាក់ចុះដល់កម្រិតទាបបំផុតរួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

    យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ រោងចក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។ របាយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើង អមជាមួយនិងទិន្នន័យនៃការឆ្លង COVID-19 នៅតាមពន្ធនាគារ និងការដ្ឋានសំណង់ផងដែរ។

    គួរបញ្ជាក់ថា ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ នៅទូទាំងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចផ្ទុះឡើងធ្ងន់ធ្ងរ ចំពោះមុខការដួលរលំនៃវិស័យទេសចរណ៍។

    កាលពីឆ្នាំ២០២០ វិស័យនាំចេញបានទទួលបន្ទុក ៤៥% នៃប្រាក់ចំណូលក្នុងស្រុកងសរុប (GDP) របស់ប្រទេសថៃ ខណៈវិស័យទេសចរណ៍បានដាំក្បាលចុះយ៉ាងគំហុក។ រដ្ឋាបាលថៃបានកាលពីខែឧសភា ឆ្នាំ២០២១ បានព្យាករណ៍ថា GDP នៅក្នុងឆ្នាំនេះនឹងទទួលបានកំណើនតែ ១.៥% ប៉ុណ្ណោះ ខណៈការព្យាករណ៍កាលពីលើកមុន គឺចាប់ពី ២.៥% ទៅ ៣.៥%៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ