• ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ចោទប្រកាន់ក្រុមប្រដាប់អាវុធ Karen ថាបានសម្លាប់មនុស្ស២៥នាក់

    (រ៉ង់ហ្គូន)៖ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធា នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានចោទប្រកាន់ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (Karen) ថា បានសម្លាប់កម្មករសំណង់ ២៥នាក់នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីបានចាប់ជំរិតមនុស្ស ៤៧នាក់កាលពីខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

    កាសែត The Global New Light និងទូរទស្សន៍ ម៉ាយ៉ាវ៉ាឌី (Myawaddy) ដែលគ្រប់គ្រងដោយរបបយោធា នៃប្រទេសមីយ៉ាន់ម៉ា បានបង្ហាញនូវរូបភាពសាកសពចំនួន ២៥នាក់ដែលត្រូវបានរកឃើញនៅក្នុងព្រៃ។ ពួកគេទាំងនោះ ជាអ្នកធ្វើការនៅការដ្ឋានសាងសង់ស្ពាន អ៊ូហ៊ូ គ្រីក (Uhu Creek) ដែលស្ថិតនៅស្រុក Myawaddy ជិតព្រំដែនជាមួយប្រទេសថៃ ហើយត្រូវបានចាប់ជំរិតពីការដ្ឋានសំណង់កាលពីថ្ងៃទី៣១ ខែឧសភា ដោយក្នុងនោះក៏រួមមានក្មេង ១០នាក់ និងស្ត្រី ០៦នាក់ផងដែរ។

    កាសែត The Global New Light បានគូសបញ្ជាក់ថា សាកសពចំនួន ០៧នាក់ត្រូវបានរកឃើញនៅថ្ងៃទី១១ ខែមិថុនា ខណៈសាកសពសរុប ១៨នាក់ផ្សេងទៀតត្រូវបានរកឃើញនៅថ្ងៃទី១២ ខែមិថុនា។ ជុំវិញបញ្ហានេះ មន្ត្រីមកពីការដ្ឋានសាងសង់ស្ពាន បានពិនិត្យសាកសព និងអត្តសញ្ញាណរបស់ពួកគេហើយ ដើម្បីជូនដំណឹងទៅកាន់ឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេ។

    គួរបញ្ជាក់តាមសារព័ត៌មាន Reuters បានចេញផ្សាយថា ពួកគេមិនអាចទាក់ទង អង្គការការពារជាតិការ៉ែន (KNDO) ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់ខាងលើនេះទេ។ អ្នកនាំពាក្យរបបយោធា ក៏មិនបានឆ្លើយតបចំពោះការហៅតាមរយៈទូរស័ព្ទដៃ ដើម្បីសុំការអត្ថាធិប្បាយដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ