• លោក ចូ បៃដិន ថាការបរិច្ចាគវ៉ាក់សាំង គឺជាការបញ្ចូលថាមពលដ៏អស្ចារ្យដើម្បីកម្ចាត់កូវីដ-១៩

    (អង់គ្លេស)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោកនឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យមួយដើម្បីកម្ចាត់ជំងឺឆ្លងដ៏កាច សាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

    លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla នៅឯឆ្នេរ Carbis Bay នៃប្រទេសអង់គ្លេស មុននឹងលោកត្រូវចូលរួមកិច្ចប្រជុំកំពូល G7 ហើយលោកក៏បានអរគុណផងដែរដល់មេដឹកនាំទាំងអស់សម្រាប់ការទទួលស្គាល់ទំនួលខុសត្រូវរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងពិភពលោក។

    លោក បៃដិនបានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកកំពុងបរិច្ចាគវ៉ាក់សាំង ៥០០លានដូសដោយគ្មានភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់។ វ៉ាក់សាំង របស់យើងមិនមានបញ្ចូលសម្ពាធណាមួយដើម្បីបង្ខំ ឬចង់បានសម្បទានមកវិញនោះទេ ដ្បិតអ្វីដែលយើងកំពុងធ្វើ មានគោលដៅតែមួយគត់ នោះគឺសង្រ្គោះជីវិតមនុស្ស»។

    គួរបញ្ជាក់ថា មេដឹកនាំប្រទេស G7 ចង់ចាក់វ៉ាក់សាំងឱ្យពិភពលោកនៅត្រឹមចុងឆ្នាំ២០២២ ដើម្បីព្យាយាមបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣.៩លាននាក់ហើយនៅទូទាំងពិភពលោក។ ប៉ុន្តែ បើតាមសាកលវិទ្យាល័យ Johns Hopkins មកទល់នឹង បច្ចុប្បន្នប្រជាជន ២.២ពាន់លាននាក់ប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនពិភពលោកសរុបជិត ៨ពាន់លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ