• កម្ពុជា ប៉ះក្រុមខ្លាំងអ៊ីរ៉ង់ ម៉ោង ៩៖៣០នាទីយប់នេះជម្រុះ World Cup មុនពេលអ៉ីតាលី ប៉ះតួកគី បើកឆាក Euro 2020

    (ម៉ាណាម៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនានេះ ដែលជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយនៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូល C នៅប្រទេសបារ៉ែន ខណៈកាលពីជើងទី១ កម្ពុជា បានចាញ់អ៊ីរ៉ង់ ១៤-០ កាលពីចុងឆ្នាំ២០១៩ នៅមុនពេលអ៉ីតាលី ប៉ះតួកគី ប្រកួតបើកឆាកពានរង្វាន់អឺរ៉ុប Euro 2020 នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

    លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងអ៊ីរ៉ង់ក្នុងជំនួបជើងទី២ យប់នេះ ទោះបីកាលពីជើងទី១ កម្ពុជាបានរបូតគ្រាប់បាល់ច្រើនយ៉ាងក៏ដោយ ពិសេសលោកបានរក្សាជំហរនឹងព្យាយាមឲ្យកូនក្រុមលេងគ្រប់គ្រងបាល់ ដូចកាលជួបជាមួយបារ៉ែន និងអ៊ីរ៉ាក់ដែរ។

    អតីតគ្រូយុវជននៃក្លិបយក្សចិន Guangzhou ខាងលើបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «វាជាការប្រកួតដ៏តានតឹងបំផុតមួយជាមួយប្រទេសអ៊ីរ៉ង់ កាលពីលើកមុនជាមួយលទ្ធផល ១៤-០។ តែទោះជាយ៉ាងណាយើងនឹងមិនផ្លាស់ប្ដូរទម្រង់លេងរបស់យើង ដែលព្យាយាមរក្សានូវការគ្រប់គ្រងបាល់នៅតំបន់លើ ដូចគ្នានឹងអ្វីដែលយើងបានធ្វើពេល ២ប្រកួតចុងក្រោយនោះទេ»។

    ដោយឡែកលោក Dragan Skocic គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ ទោះបីធ្លាប់ដឹកនាំក្រុមយកឈ្នះកម្ពុជារហូតដល់ ១៤-០ តែលោកបានសម្ដែងការគោរព និងមិនមើលស្រាលក្រុមគោព្រៃកម្ពុជាឡើយ បន្ទាប់ពីលោកបានមើលការប្រកួត និងឃើញនូវភាពរីកចម្រើនរបស់ក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះលោកនឹងផ្ដោតការយកចិត្តទុកដាក់ចំពោះការប្រកួតយប់នេះ ហើយប្ដេជ្ញាយកឈ្នះកម្ពុជាឲ្យខានតែបាន។

    គួរបញ្ជាក់ថា នេះគឺជាការប្រកួតទី៨ និងជាការប្រកួតចុងក្រោយរបស់កម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ពូល C ជុំទី២ ក្នុងទ្វីបអាស៊ី ខណៈក្រោយចប់ការប្រកួតនេះ ក្រុមគោព្រៃកម្ពុជានឹងត្រូវធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ចំណែកក្រុមជម្រើសជាតិអ៊ីរ៉ង់ ពួកគេត្រូវការ ៣ពិន្ទុដាច់ខាតពីកម្ពុជា ដើម្បីរក្សាឱកាសប្រជែងកៅអីជុំទី៣ មុនការប្រកួតបញ្ចប់ពូលជាមួយអ៊ីរ៉ាក់ នាថ្ងៃទី១៥ ខែមិថុនាខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ