• គោលដៅចាក់វ៉ាក់សាំងរបស់លោក ចូ បៃដិន ឲ្យបាន៧០%នៃប្រជាជនអាមេរិក ទំនងជាមិនអាចសម្រេចបាន តែវានឹងមិនបង្កបញ្ហាធំដុំឡើយ

    (វ៉ាស៉ីនតោន)៖ រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវគោលដៅជំរុញសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់លោកជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ និងបើកទ្វារសេដ្ឋកិច្ចប្រកបដោយទំនុកចិត្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

    ទោះជាយ៉ាងនេះក្តី នាពេលនេះសហរដ្ឋអាមេរិកទំនងជាមិនអាច ឈានដល់គោលដៅតាមការចង់បានរបស់លោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងជូនដល់ជនជាតិអាមេរិក ឱ្យបានប្រមាណ ៧០ភាគរយនៅតាមរដ្ឋនីមួយៗនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះទេ។ រដ្ឋបាលរបស់លោក ចូ បៃដិន បានអះអាងថា ទោះបីជាគោលមិនត្រូវបានសម្រេចក៏ដោយ ក៏វានឹងមានផលប៉ះពាល់តិចតួចបំផុត ដល់ការងើបឡើងវិញរបស់សហរដ្ឋអាមេរិកទាំងមូល ដែលកំពុងឈានទៅមុខជាបន្តបន្ទាប់ រួចទៅហើយនោះដែរ។

    មនុស្សពេញវ័យប្រហែលជា ១៥.៥លាននាក់ទៀត ត្រូវការទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសក្នុងរយៈពេល ០៤សប្តាហ៍បន្ទាប់ ដើម្បីឱ្យលោក ចូបៃដិន បំពេញតាមគោលដៅរបស់លោក។ ប៉ុន្តែល្បឿននៃការចាក់វ៉ាក់សាំង នាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្រោម ៤០០,០០០នាក់ក្នុងមួយថ្ងៃ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជិត ២លាននាក់ក្នុងមួយថ្ងៃក្នុងរយៈពេល ០២ខែកន្លងមកនេះ។

    គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក មានតែរដ្ឋចំនួន ១៤ប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងប្រមាណ ៧០ភាគរយ ក្នុងចំណោមមនុស្សពេញវ័យរបស់ពួកគេ ហើយរដ្ឋចំនួន ១០ទៀត នឹងអាចឈានដល់ចំណុចសំខាន់នេះ នៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ