ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេ-អ៊ីន បាននិយាយថា ប្រជាជនកូរ៉េខាងត្បូងចំនួន ៣៦លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចដូសដំបូងនៅត្រឹមខែកញ្ញាខាងមុខនេះ។
ក្នុងនោះប្រជាជនជាង ១៤លាននាក់នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនៅចុងខែមិថុនានេះ។ លោកប្រធានាធិបតីបាននិយាយថា នៅក្នុងខែកក្កដាខាងមុខ រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង ដោយលោកបាននិយាយបន្ថែមថា យ៉ាងហោចណាស់ ដូសទីមួយនៃវ៉ាក់សាំងនឹងត្រូវបានផ្តល់ឱ្យប្រជាជនចំនួន ៣៦លាននាក់ក្នុងអំឡុងពេលត្រីមាសទីបី។
កូរ៉េខាងត្បូងអាចក្លាយជាប្រទេសគំរូមួយក្នុងការចាក់វ៉ាក់សាំង ក៏ដូចជានៅពេលដែលខ្លួនអាចគ្រប់គ្រងបាននូវការរីករាលដាលនៃវីរុសនេះ។ បើអាចធ្វើបានមែនចំនួននេះគឺតំណាងឱ្យ ៧០ភាគរយនៃប្រជាជនសរុបរបស់កូរ៉េខាងត្បូង៕