• ចិនសន្យាថានឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅជុំវិញពិភពលោក

    (ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់សុខាភិបាលចិនម្នាក់បាននិយាយថាចិនបានចែកចាយវ៉ាក់សាំង COVID-19 ច្រើនជាង ៣៥០លានដូសទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញ ពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

    លោក Zeng Yixin ជាអនុប្រធានគណៈកម្មការសុខាភិបាលជាតិចិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសនិ្នសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «អាទិភាពទី១ ក្នុងការប្រយុទ្ធប្រឆាំង COVID-19 ជាសកល នោះគឺការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលផ្អែកលើការបង្កើនការផលិត និងលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព»។

    គួរបញ្ជាក់ថា បើតាមលោក Zeng Yixin ការអនុម័តដោយអង្គការសុខភាពពិភពលោក WHO ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំង២ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នឹងកាន់តែជួយសម្រួលដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកល និងការប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសហាវនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ